បង្រ្កាបបានឈើ​ ១៨ដុំ ខណៈពួក​ឈ្មួញ​ខិលខូចរៀងចំដឹកឈើចេញឆ្លងដែន ទៅប្រទេសវៀតណាម

ខេត្តមណ្ឌលគិរី៖ មន្ត្រី​ដែនជម្រកសត្វព្រៃភ្នំណាមលៀ បានចុះធ្វើប្រតិបត្តិការ​ល្បាត​ត្រង់ចំណុចអូរ​តាំកន ស្ថិតក្នុងភូមិសាស្ត្រ​ឃុំពូលុះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ដោយឃាត់បានរថយន្តដឹកឈើ​ម៉ាកឡង់គ្រីសឺកែច្នៃ​១គ្រឿង ដែលផ្ទុកឈើ​១៨កំណាត់ ដែលក្នុងនោះមានឈឺគគីរ៤កំណាត់ និងឈើ​ទេព្រូ ១៤កំណាត់ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ។ ប្រតិបត្តិការនេះ នៅគ្រាដែល ពួក​ឈ្មួញ​ខិលខូចរៀងចំដឹកឈើចេញឆ្លងដែន ទៅប្រទេស វៀតណាម ។ បច្ចុប្បន្នវត្ថុតាង​ត្រូវបានរក្សាទុក​នៅស្នាក់ការ វ៉ារយោង នៃ​ដែនជម្រកសត្វព្រៃភ្នំណាមលៀ និងកសាងសំណុំរឿង​នាំយក​វត្ថុតាងទាំងនោះ​មករក្សាទុកនៅមន្ទីរបរិស្ថាន ។

រថយន្តឡង់គ្រីសឺដឹកឈើនេះ ត្រូវបាសមត្ថកិច្ចយោធាឃាត់ដើម្បីទារប្រាក់ ។ នៅពេលដែលម្ចាស់​ឈើ​មិនអាច​រកលុយគ្រប់ចំនួន និងទាន់ពេលវេលា ទើបបណ្តាលឲ្យក្រុមមន្ត្រីបរិស្ថាន​ចុះល្បាតប្រទះឃើញ ក៏ឃាត់​ទាំងរថយន្ត និងឈឺនោះតែម្តង ។

ប្រតិបត្តិការ​នៃការបង្ក្រាបនេះ​ត្រូវបានលោក វុធ សារុំ នាយកដែន ជម្រកសត្វព្រៃភ្នំណាមលៀ បានឲ្យដឹងថា តំបន់អូរតាំកន នៅជិតព្រំដែន វៀតណាម ដែលសមត្ថកិច្ច​លំបាក​ក្នុងការ​ធ្វើប្រតិបត្តិការចុះទៅដល់ ។ ម្យ៉ាង ទៀត ដោយសារកម្លាំង​មន្ត្រី​ការពារបរិស្ថាន​មានចំនួនតិច ដូច្នេះ ការល្បាត​គឺមិនអាចគោលដៅមួយចំនួន​ឲ្យបានទៀងទាត់នោះទេ ។ ពួកឈ្មួញ និងជនខិលខូច តែងតែឆ្លៀតឱកាសនៅពេលដែលសមត្ថកិច្ចឆកល្វែង មិនបានចុះទៅដល់គោលដៅទាំងនោះ ។ យ៉ាងណាក៏ដោយ មន្ត្រីបរិស្ថាន​នៃតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀ នៅតែបន្តខិតខំប្រឹងប្រែង បំពេញភារកិច្ច​របស់ខ្លួន មិនបានធ្វេសប្រហែលសនោះទេ ។

មន្ត្រីយោធា​បានទារប្រាក់ពីម្ចាស់រថយន្តដឹកឈើនោះចំនួន៣ពាន់ដុល្លារ ។ ប៉ុន្តែម្ចាស់ឈើគ្មានលុយ និងកំពុងស្វះស្វែងរកលុយបន្ថែមទៀត ទើបធ្វើឲ្យរថយន្តដឹកឈើនោះ​មិនអាចធ្វើដំណើរឆ្លងដែន​ចូលទៅប្រទេសវៀតណាម​បាន ។

ពួកជនខិលខូច​តែងតែប្រើគ្រប់សកម្មភាពដើម្បី​កាប់ឈើ​ ឬលួចដឹកជញ្ជូនឈើ ។ យ៉ាងណាក៏ដោយ កម្លាំងបរិស្ថាន​នៅតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀ មិនដែលបណ្តែតបណ្តោយ ឬបង្កលក្ខណៈឲ្យពួកគេធ្វើអ្វីស្រេច តែនឹងចិត្តនោះទេ ។ លោកបានបដិសេធន៍ចំពោះការផ្សព្វផ្សាយ​តាមបណ្តាញព័ត៌មានមួយចំនួន ជាពិសេស​គេហទំព័រទូរទស្សន៍ព្រហ្មខ័ន ដែលផ្សព្វផ្សាយ​ព័ត៌មាន​មូលបង្កាច់ ពាក់ព័ន្ធនឹងរឿងចាប់ឈើ​ខាងលើនេះ ។ ​លោកបន្ថែមថា សមត្ថកិច្ចនៅដែនជម្រកសត្វព្រៃភ្នំណាមលៀនៅមានចំនួន​កំណត់នៅឡើយ ។ នៅពេលដែលយើងចុះធ្វើប្រតិបត្តិការ តែងតែ​ជួបប្រទះនូវបញ្ហាជាច្រើន ។ ប៉ុន្តែពួកយើងមិនដែលត្អួញត្អែរអំពីការលំបាកទាំងនោះទេ ។ ជាធម្មតាទេ ពួកឈ្មួញនៅទីងងឹត ពួកគេតែងតែលួចធ្វើសកម្មភាពគ្រប់បែប យ៉ាងនៅពេលដែលយើងធ្វេសប្រហែសបន្តិចបន្តួច ។

យ៉ាងណាក៏ដោយ យើងខិតខំប្រឹងប្រែង​ដើម្បីការពារ​ព្រៃឈើ​នៅក្នុងដែនសមត្ថកិច្ចរបស់យើង ។ យើងមិនអាចបំពេញបំណង​មនុស្សគ្រប់រូបបានទេ ប៉ុន្តែយើងនឹងខិតខំធ្វើការតាមតួនាទី និងភារកិច្ចរបស់យើង ៕