ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ឈុតធំកម្ពុជា៣៥ប្រភេទ ត្រឡប់ចូលហ្វឹកហាត់វិញ បន្ទាប់សម្រាកជាង៥ខែ

(ភ្នំពេញ)៖ លោកណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីប្រកាសជាផ្លូវការ ដោយអនុញ្ញាតឲ្យក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិឈុតធំកម្ពុជាចំនួន៣៥ប្រភេទ ត្រឡប់ចូលហ្វឹកហាត់ឡើងវិញ រួមមានកីឡាជនពិការ អនុរក្ស គ្រូបង្វឹក គ្រួជំនួយ កីឡាករ កីឡាការិនីជម្រើសជាតិ រយៈពេល៦ខែ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ឈប់សម្រាកជាង៥ខែដោយសារមេរោគកូរ៉ូណា។

សម្រាប់ការប្រមូលផ្តុំឆ្នាំនេះមាន៣៤ប្រភេទកីឡា និងក្រុមកីឡាជនពិការទាំងអស់មានចំនួន ៥១៦នាក់ក្នុងនោះមានកីឡាតេក្វាន់ដូWT ប៉េតង់ ជឺជីតស៊ូ គុនល្បុក្កតោ ប្រដាល់គុនខ្មែរ ប្រដាល់សកល បាល់ទះ បាល់បោះ សូហ្វតិន្នីស ម៉ូតូទឹក អត្តពលកម្ម ហែលទឹក វាយកូនបាល់ វូស៊ូ កាយសម្ព័ន្ធ ប្រណាំងទោខក្រយន្ត គុនដាវ ជិះសេះ វាយកូនឃ្លីលើតុ វាយសី ទ្រីយ៉ាត្លុង។

កីឡាការ៉ាតេ ទូកប្រពៃណី និងអន្តរជាតិ យូដូ ទូកក្តោង វាយកូនគោល បាញ់កាំភ្លើង កីឡារាំ វូវីណាម តេក្វាន់ដូ ITF សូរិនកាំបូ អុកចត្រង្គ។

ក្រសួងអប់រំ យុវជន និងកីឡា ខិតខំរៀបចំឲ្យមានការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ និងទាន់ពេលវេលា ដើម្បីត្រៀមការប្រកួតអន្តរជាតិនានា ជាពិសេសគឺគោលដៅចម្បងៗ គឺឆ្ពោះទៅ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕ ដោយ៖ កូនដូច