អភិបាល​រង​ខេត្ត​ព្រះសីហនុ​ថ្មី​ចំនួន២រូប ចូលកាន់​តំណែង​ជាផ្លូវការ​ហើយ

(ខេត្ត​ព្រះសីហនុ)៖ អភិបាល​រងខេត្ត​ព្រះសីហនុ​ថ្មី​ចំនួន២រូប គឺ​លោក លៀម សុជា និង​លោក ម៉ាង ស៊ីណេត បាន​ចូលកាន់តំណែង​ជាផ្លូវការហើយ​នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០១៩នេះ។ ពិធី​នេះ ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក សក់ ​សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ នៅ​សាលាខេត្ត​ព្រះសីហនុ។
សូម​ជម្រាប​ថា តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ៣៣៤ អន​ក្រ.តត បាន​សម្រេច​ផ្ទេរភារកិច្ច​លោក លៀម សុជា ឋាន​ន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពី​អភិបាល​រង នៃ​គណៈអភិបាល​ខេត្ត​ឧត្តរមានជ័យ ឱ្យមកកាន់​មុខ​តំណែង​ជាអភិបាលរង​ខេត្ត​ព្រះសីហនុ ។ តែងតាំង​លោក ម៉ាង ស៊ីណេត ឋានន្តរស័ក្តិមន្ត្រីថ្នាក់​លេខ១ នៃ​មន្ត្រីក្របខណ្ឌ​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​ពាណិជ្ជកម្ម ឱ្យមកកាន់ មុខ តំណែង​ជា​អភិបាល​រង​ខេត្ត​ព្រះសីហនុ។
ការ​តែងតាំង​​អភិបាល​រងខេត្ត​ព្រះសីហនុថ្មី​ចំនួន២រូបនេះ បន្ទាប់ពី​សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន កាលពីដើមខែមីនា​កន្លងទៅ បាន​សម្រេច​បញ្ចប់មុខ​តំណែង​លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុនវណ្ណៈ ពី​អភិបាល​រងខេត្ត​ព្រះសីហនុ។ ការ​បញ្ចប់​មុខតំណែងនេះ គឺ​ពាក់ព័ន្ធនឹង​ការចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ស្ថិតនៅ​ចំណុច​ពយ​ម៉ាចូវ ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រហូត​ឈា​នដល់ការ​ផ្ទុះ​អាវុធ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​រងរបួស ជាពិសេស កម្លាំង​ប៉េអឹម និងយោធា​ បាន​ប្រើ​ហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​ទាំងដៃ​ជាប់​ចំណង។​

ថ្លែង​ក្នុងពិធី​នេះ លោក យន្ត មីន បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​លោក​ទាំងពីរ ដែល​បានមក​បំពេញ​តួនាទី​ជា​អភិបាលរង​ខេត្ត​ព្រះសីហនុ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ឱ្យបាន​ល្អប្រសើរ រួម​សាមគ្គី ឯកភាព​ផ្ទៃក្នុង​ប្រកបដោយ​ឆន្ទៈតែមួយ ក្នុង​ស្មារតី​ទទួល ខុសត្រូវ និងត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ និង​លើក​វិធានការ គោលការណ៍​ដឹកនាំ​លើគ្រប់​វិស័យ។ ក្នុងនោះ​ការងារ​ចម្បង​មាន ការងារ​កំណែ​ទម្រង់​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ក្នុងការ​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ និង​ការងារ​សេដ្ឋកិច្ច​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ត្រៀម​លក្ខណៈ​អប់រំ​បណ្ដុះ​បណ្ដាល​សមត្ថភាព កសាង​ធនធាន​មនុស្ស​សម្រា​ប់បន្តវេន​ក្នុងពេល​អនាគត ។

ចំណែក​លោក សក់ សេដ្ឋា បាន​និយាយ​ថា ការ​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង​ខេត្ត ២​រូប នឹង​ចូលរួម​គ្រប់គ្រង អភិវឌ្ឍ​ខេត្តព្រះ​សីហនុ បង្កើត​បាននូវ​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត។ លោក​បន្តថា ត្រូវ​រក្សា​ការគ្រប់គ្រង​បរិស្ថាន ទាមទារ​ការយកចិត្ត​ទុក​ដាក់ ផ្តោតលើ​ធនធាន​ធម្មជាតិ តាម​តំបន់ឆ្នេរ កោះ សិក្សា​បញ្ចៀស​ផលប៉ះពាល់​បរិស្ថាន និង​ដោះស្រាយ​ផលប៉ះពាល់​ឱ្យនៅ​កម្រិត​ទាប​បំផុត និង​ត្រៀម​រៀបចំ ត្រៀម​បង្ការ​ការខ្វះខាត​ទឹកស្អាត​នៅ​រដូវប្រាំង​ខាងមុខ​នេះ​ជូនប្រជាពលរដ្ឋ៕