អ្នកលេងជើងថ្មី​ ឆូន បួន បង្ក្រាបខ្លាចាស់សេន កុសល

(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែនដែលអ្នកប្រដាល់ជើងថ្មីឆូន បួនក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតឈ្នះអ្នកប្រដាល់ជើងយូរ សេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរដោយពិន្ទុ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាលើសង្វៀនខារ៉ាបាវ របស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២០មិថុនា ។

ឆូន បួន មិនសូវមាននរណាស្គាល់ទេពីមុនមក ទើបតែមួយរយៈនេះការប្រកួតរបស់គេភាគច្រើនបានទទួលជ័យជំនះ ពិសេសមានអ្នកប្រដាល់ជើងចាស់ជាច្រើនដែលត្រូវគេបង្ក្រាបបាន ។

ឆូន បួនប្រសិនបើគេចាញ់ក៏គេធ្វើឲ្យគូប្រកួតទក់សាច់ដែរ ។ គេជាអ្នកប្រដាល់ចិត្តធំហើយ បើតាមការឲ្យដឹងពីលោកហង្ស ស៊ឺន ដែលជាគ្រូបង្វឹកនោះថា ទោះបីគ្មានការប្រកួតក៏អ្នកប្រដាល់រូបនេះមកហ្វឹកហាត់មិនដែលខានដែរ ។ ជាមួយនឹងស្នៀតវ៉ៃល្អ និងរហ័សរហួននោះកម្លាំងរបស់គេអស្ចារ្យខ្លាំងណាស់ហើយគេក៏ជាអ្នកប្រដាល់ចិត្តហ៊ានដែរ ។

ចំពោះសេន កុសលក៏ជាជើងខ្លាំងមួយរូបដែរ ។ ស្នៀតទាត់ផ្កាប់ចានរបស់គេតែងតែធ្វើឲ្យគូប្រកួតដួលសន្លប់ ចំពោះកណ្ដាប់ដៃ កែង និងជង្គង់របស់គេក៏មិនអាចមើលស្រាលបានដែរ ។ តែពេលប្រកួតជាមួយឆូន បួនគេបែរជាវ៉ៃមិនចេញ គឺស្ថានភាពភាគច្រើនគេការពារនិងដកថយ ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា៥ទឹកពេញហើយប្រកួតក្នុងស្ថានភាពតឹងតែងទៀតផង ។ ការប្រកួតដែលមានចៅក្រមចំនួន៣រូបនោះចៅក្រមទាំង៣រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យឆូន បួនឈ្នះសេន កុសលគ្រប់ៗគ្នា គឺឈ្នះ៣ទល់០តែម្ដង ។

សៅ វណ្ណាក្លិបយុវវាលស្បូវខ័ណ្ឌច្បារអំពៅប្រកួតចាញ៉អ្នកប្រដាល់ថៃ រ៉េតក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុដាច់តែម្ដង ។អ្ន កប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទម្ងន់៦៣,៥០គីឡូក្រាម ។

នេះក៏ជាគូប្រកួតដែលវ៉ៃបានយ៉ាងអស្ចារ្យដែរ គឺពួកកេចាប់ផ្ដើមបើកការវាយប្រហារតគ្នាតាំងពីដើមទឹកទី១មកម្ល៉េះ ។ស្ថានភាពនៃការប្រកួតភាគច្រើនគឺ ថៃរ៉េតជាអ្នកមានប្រៀបតែទោះជាយ៉ាងណាក៏ពួកគេប្រកួតគ្នា៥ទឹកពេញដោយចៅក្រមទាំង៣រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យថៃ រ៉េតជាអ្នកឈ្នះ ។

សឿម សារ៉ាន់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងត្រូវអ្នកប្រដាល់រឿង សារិទ្ធក្លិបម្កុដរាជសីហ៍បង្ខំឲ្យចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី ៥ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាសក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

២ទឹកដំបូងស្ថានភាពនៃការប្រកួតគឺមានទៅមានមកតែចាប់ពីចុងទឹកទី៣ទៅសារ៉ាន់ហាក់ដូចជាទ្រុឌទ្រោមកម្លាំងច្រើនហើយមក ដល់ទឹកទី៥គេត្រូវរឿង សារិទ្ធទាត់ធ្វើឲ្យគេបង្ខំចិត្តចុះចាញ់តែម្ដងទៅ ។

ធន អៀងឡេងក្លិបកងយោធពលខេមរភូមិន្ទប្រកួតឈ្នះអ្នកប្រដាល់រ៉ា រ៉យ៉ាក្លិបអេភូថងកីឡាដោយពិន្ទុ ។អ្នកប្រដាល់ទាង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ផុន សុខវិបុល ក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺប្រកួតឈ្នះអ្នកប្រដាល់លីន សុផែនក្លិបបូរីរាជសីហ៍ដោយពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ៕ ដោយ៖ កូនដូច