សម្តេចតេជោ ផ្តាំទៅក្រុមប្រឆាំងថា ជំងឺកូវីដ-១៩ មិនធ្វើឱ្យរដ្ឋាភិបាលដួលរលំទេ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០នេះទេ បានថ្លែង ផ្តាំទៅក្រុមប្រឆាំងថា ជំងឺ កូវីដ១៩ មិនអាចធ្វើឱ្យរដ្ឋាភិបាលដួលរលំនោះទេ។

ការថ្លែងបែបនេះ របស់សម្តេចតេជោ បន្ទាប់ពី ក្រុមប្រឆាំង បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា នឹងដួលរលំនៅឆ្នាំក្រោយ ដោយគ្មានប្រាក់បៀវត្សបើកឱ្យមន្ត្រីរាជការ។ សម្តេចតេជោ អះអាងថា ជំងឺកូវីដ មិនអាចសម្លាប់រដ្ឋាភិបាល កម្ពុជា បានទេ ដោយសារមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទទួលបានបានូវការតម្លើងប្រាក់បៀវត្សរាល់ឆ្នាំក្នុងពេលដែលមានវិបត្តិជំងឺកូវី១៩។

សម្តេចតេជោ បន្តថា រាជរដ្ឋាភិបាលកម្ពុជា នៅតែមានសមត្ថភាព បើកប្រាក់បៀវត្សដល់មន្ត្រីរាជការរៀងរាល់ខែ ហើយក្នុង១ខែពីរដងតាមទម្លាប់។ សម្តេចតេជោ បង្ហើបថា មានអ្នកផ្សាយព័ត៌​មាន​​​ដាក់ការសង្ស័យថា តើកម្ពុជាមានប្រាក់ ពិតប្រាកដទេនៅក្នុងដៃ ដែលថាមានជាង ៣ ពាន់​លានដុល្លារ? សម្តេចបញ្ជាក់ថា ជាង ៣ ពាន់លានដុល្លារ មិនទាន់និយាយជាង ១១ ពាន់លានដុល្លារ ដែលជាទុនបម្រុងអន្តរជាតិនោះទេ។ សម្តេចតេជោបញ្ជាក់ថា ឥរិយាបថរបស់កម្ពុជា គឺការសន្សំ ដែលកម្ពុជានៅសល់សាច់ប្រាក់ ប្រមាណ ជាង ៣ ពាន់លានដុល្លារ ដែលរដ្ឋាភិបាលមានលទ្ធភាព ដើម្បីរុញថវិការបើកអោយប្រជាពលរដ្ឋដែលបាត់បង់ការងារធ្វើ និងប្រជាពលរដ្ឋក្រីក្រ។

សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា អ្នកធ្វើការជាមួយកម្ពុជា មានស្ថាប័នហិរញ្ញវត្ថុធំៗជាច្រើន ដូចជាធនាគារអភិវឌ្ឍអាស៊ី ធនាគារពិភពលោក និងដៃគូដទៃទៀត ដែលបាន​ព្យាករណ៍ ថាកម្ពុជានឹងជាអាចធ្លាក់ចុះ ត្រឹម ១,៥% តែកម្ពុជាខ្លួនឯងព្យាការណ៍ធ្លាក់អាចនឹងជិតដល់ ២% ដែលការធ្លាក់នេះ មិនអាចធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជារអិលធ្លាក់ចុះក្នុងវិបត្តិសេដ្ឋកិច្ចនោះទេ។ សម្តេចតេ​ជោ អះអាងថា សកម្មភាពសេដ្ឋកិច្ចនៅកម្ពុជានៅពេលនេះ​ចាប់ផ្តើមកម្រើកឡើងវិញ នៅតាមហាង ភោជនីដ្ឋាន ជាច្រើនក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា« បើអ្នកឯងសង្ឃឹមថា រដ្ឋាភិបាលហ៊ុន សែន នឹងអស់លុយបើកប្រាក់ខែឱ្យមន្ត្រីរាជការ អ្នកឯងពិតជាតិរច្ឆាន ហើយមិនទាំងចេះគិតលេខផង កុំថាអ្នកឯងថ្នាក់បរិញ្ញា បរិញ្ញាជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត ឪបណ្ឌិតទៀតក៏នៅតែ អ្នកឯងអត់ចេះបូកលេខ»៕(ដោយ៖ ឡេង ដេត)