​នាវាមុជទឹកយោធា​ឥណ្ឌាដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ខណៈ​ភាព​តានតឹង​ជាមួយ​ប៉ា​គី​ស្ថាន​

អន្ដរជាតិ៉៖ ភាព​តានតឹង​រវាង​មហាអំណាច​អាស៊ី​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំងពី​រ​នេះ​បាន​កើនឡើង​កាលពី​ខែ​មុន បន្ទាប់ពី​ការ​លុកលុយ​ចូល​ដែនដី​ប៉ា​គី​ស្ថាន​នៅ​កា​ស្មៀ​ដោយ​យន្តហោះ​ចម្បាំង​ឥណ្ឌា​ ដើម្បី​វាយប្រហារ​ទៅលើ​ពួក​សកម្មប្រយុទ្ធ​ជី​ហាដ​បាន​នាំឱ្យមាន​ការប៉ះទង្គិច​គ្នា​នៅលើ​អាកាស​និង​ការបាញ់​គ្នា​ដោយ​ប្រើ​កាំភ្លើង​តូច​និង​កាំភ្លើង​ធំ​នៅតាម​បណ្តោយ​ខ្សែ​ព្រំដែន​កំណត់​ការត្រួតត្រា​ដ៏​រង្គោះរង្គើ​។​
​ក្រសួងការពារជាតិ​ឥណ្ឌា​បាន​លាតត្រដាង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី ១៧ មីនា​ថា កង​នាវាចម្បាំង​សំខាន់ៗ​របស់​កង​នាវា​ទ័ពជើងទឹក​ឥណ្ឌា​រួមមាន​ក្រុម​ប្រយុទ្ធ​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ INS Vikramaditya នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ នាវាចម្បាំង នាវាមុជទឹក​ធម្មតា និង​យន្តហោះ​ជាច្រើន​គ្រឿង​ បាន​ប្តូរ​ពី​ធ្វើ​សមយុទ្ធ​ទៅជា​ការដាក់​ពង្រាយ​ធ្វើ​ប្រតិបត្តិការ​យ៉ាង​ឆាប់រហ័ស ខណៈ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី​និង​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​បាន​កើនឡើង​។
​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា “​សារ​ច្បាស់លាស់​និង​ដំណោះស្រាយ​ទាក់ទង​នឹង​ឥរិយាបថ​ប្រតិ​ប​តិ្ត​របស់​កងទ័ពជើងទឹក​ឥណ្ឌា​ដើម្បី​ទប់ស្កាត់​និង​កម្ចាត់​សកម្ម​ភាពមិន​សមស្រប​ណាមួយ​ដោយ​ប៉ា​គី​ស្ថាន​នៅក្នុង​ដែនសមុទ្រ​ត្រូវបាន​ចេញផ្សាយ​ផងដែរ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​” កាលពី​ថ្ងៃទី ២៨ ខែកុម្ភៈ​។​
​ក្រសួងការពារជាតិ​ឥណ្ឌា​មិនបាន​បញ្ជាក់ថា​តើ “​នាវា​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ​រណា​” ត្រូវបាន​ដាក់ពង្រាយ​នោះទេ ប៉ុន្តែ​កងទ័ពជើងទឹក​ឥណ្ឌា​នាពេល​បច្ចុប្បន្ន​មាន​នាវា​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ពីរ​ប្រភេទ ក្នុងនោះ​រួមមាន​នាវាមុជទឹក​ប្រភេទ Akula II ជួល​ពី​រុស្ស៊ី និង​នាវាមុជទឹក INS Arihant ផលិត​ដោយ​ឥណ្ឌា​ដែលមាន​សមត្ថភាព​បាញ់​កាំជ្រួច​នុយក្លេអ៊ែរ​ចំនួន ១២ គ្រាប់​។ កងទ័ពជើងទឹក​ឥណ្ឌា​ក៏មាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​ប្រេងម៉ាស៊ូត​និង​អគ្គិសនី​ចំនួន ១៤ គ្រឿង​ផងដែរ​។​
​នាវាចម្បាំង​ឥណ្ឌា​ត្រូវបាន​ដាក់ពង្រាយ​ចេញពី​លំ​ហាត់​សមយុទ្ធ​ឈ្មោះ TROPEX 19 ដែលជា​សមយុទ្ធ​អន្ដរ​សេវាកម្ម​ប្រចាំឆ្នាំ​ពាក់ព័ន្ធ​នឹង​កងទ័ពជើងទឹក ឆ្មាំ​សមុទ្រ កងទ័ពអាកាស និងកងទ័ពជើងគោក ខណៈ​ភាព​តានតឹង​ជាមួយ​ប៉ា​គី​ស្ថាន​បាន​កើនឡើង បន្ទាប់ពី​ការវាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃទី ១៤ កុម្ភៈ​ទៅលើ​ក្បួន​យោធា​ឥណ្ឌា​នៅ​កា​ស្មៀ​។

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ប្រភព​នានា​ដែល​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​និយាយថា ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាន​គំរាម​បាញ់​គ្រាប់​នុយក្លេអ៊ែរ​ដាក់គ្នា​ទៅវិញទៅមក​អំឡុង​វិបត្តិ​នេះ ហើយ​ថា​កុំ​តែ​បាន​អន្តរាគមន៍​របស់​អាម៉េរិក​ទេ​ទើប​ជួយ​សម្រាល​ជម្លោះ ដែល​អាច​នឹង​បណ្តាលឱ្យ​ស្លាប់​មនុស្ស​យ៉ាងច្រើន​៕