យ៉ាងហោចណាស់មនុស្ស ៤២នាក់បានស្លាប់ ដោយសារគ្រោះទឹកជំនន់ភ្លាមៗនៅឥណ្ឌូណេស៊ីភាគខាងកើត

បរទេស៖ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា យ៉ាងហោចណាស់មានមនុស្សចំនួន ៤២នាក់បានស្លាប់ដោយសារទឹកជំនន់ភ្លាមៗនៅខេត្តប៉ាពួ (Papua) ប្រទេសឥណ្ឌូណេស៊ីភាគខាងកើត។

យោងតាមអាជ្ញាធរនៅខេត្តប៉ាពួបានឱ្យដឹងថា ទឹកជំនន់នៅតំបន់សែនតានី (Sentani) ជិតរដ្ឋធានីចាយ៉ាពូរ៉ា (Jayapura) ត្រូវបានបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី១៦ ខែមីនា។

អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho បាននិយាយថា គ្រោះមហន្តរាយនេះបានបណ្តាលឱ្យមនុស្សចំនួន ២១នាក់រងរបួស ហើយបានបំផ្លាញផ្ទះអស់រាប់សិបខ្នង។ លោកបាននិយាយបន្ថែមទៀតថា ចំនួនជនរងគ្រោះ និងផលប៉ះពាល់នៃគ្រោះមហន្តរាយនេះទំនងនឹងមានការកើនឡើងទៀត។

ជារឿយៗ ប្រទេសឥណ្ឌូណេស៊ីបានទទួលរងការវាយប្រហារដោយគ្រោះទឹកជំនន់ និងការបាក់ដី ក្នុងអំឡុងពេលរដូវវស្សាចាប់ពីខែតុលាដល់ខែមេសា។

នៅក្នុងខែមករា គ្រោះទឹកជំនន់ និងការបាក់ដី បានសម្លាប់មនុស្សយ៉ាងតិច ៧០នាក់នៅលើកោះ ស៊ូឡាវេស៊ី (Sulawesi) ខណៈដែលកាលពីដើមខែនេះ មនុស្សរាប់រយនាក់នៅខេត្តជ្វាភាគខាងលិចត្រូវបង្ខំឱ្យជម្លៀសនៅពេលភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ៕

Warga mendorong motor melintasi sisa lumpur akibat banjir bandang di Sentani, Kabupaten Jayapura, Papua, Minggu (17/3/2019). Berdasarkan data BNPB, banjir bandang yang terjadi pada Sabtu (16/3) tersebut mengakibatkan 42 orang tewas. ANTARA FOTO/Gusti Tanati/wpa/ama.