ព្រឹកស្អែកសាកលវិទ្យាល័យដ៏ល្បីមួយនៅថៃ នឹងប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយជូនសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ នៅថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ សាកលវិទ្យាល័យគ្រើក (Krirk University) នឹងប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ថ្នាក់ដឹកនាំសាកលវិទ្យាល័យគ្រើក នឹងអញ្ជើញប្រគល់សញ្ញាបត្រនេះដោយផ្ទាល់ជូនសម្តេចតេជោ ហ៊ុន សែន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏នឹងអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះផងដែរ។

សាកលវិទ្យាល័យគ្រើក គឺជាសាកលវិទ្យាល័យដ៏ល្បាញល្បីមួយនៅក្នុងប្រទេសថៃមានអាយុកាល ៦៧ឆ្នាំហើយ។ លោក ចម ប៊ុនយ៉ាប្រាសើត ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យគ្រើក បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំពិភពលោកទី១ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក។

លោក ចម ប៊ុនយ៉ាប្រាសើត បានបញ្ជាក់ថា បានលើកឡើងថា ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយជូនសម្តេចតេជោ ហ៊ុន សែន ជារឿងស័ក្តិសមបំផុត ដោយសារតែសម្តេចតេជោ បានប្រើប្រាស់សិល្បៈ និងវិទ្យាសាស្ត្រផ្នែកទំនាក់ទំនងនយោបាយក្នុងការគ្រប់គ្រងប្រជាជនកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ និងបានដឹកនាំប្រជាជាតិឆ្ពោះទៅដល់វិបុលភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក។

សូមបញ្ជាក់ថា ផ្តើមចេញពីស្នាដៃនៃការដឹកនាំក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម កសាងនូវសុខសន្តិភាព ក៏ដូចជាអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យរីកចម្រើន រួមនឹងការចូលរួមចំណែកកសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងនោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសជាច្រើនពីសាកលវិទ្យាល័យនៅតាមបណ្តាប្រទេសនានា៕