រោងចក្រថ្មីៗ២ទៀត ត្រូវបាន CDC អនុម័តឲ្យបើកដំណើរការ ទុនវិនិយោគជាង១០លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តឲ្យក្រុមហ៊ុនចំនួន២ បើករោងចក្រផលិតកេសកាតុង និងផលិតគ្រឿងបន្សំសម្លៀកបំពាក់ នៅខេត្តកណ្តាល និងតាកែវ សរុបទុនវិនិយោគ១០.៨លានដុល្លារអាមេរិក បង្កើតការងារជាច្រើនរយកន្លែងផងដែរ។

CDC បានចុះផ្សាយលើ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ SIMON LABELS (CAMBODIA) BRANDINGS SOLUTIONS CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩០កន្លែង។

២៖ FU LI YUAN PACKAGING MATERIALS (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩៣កន្លែង៕