ផ្ទះ៤ខ្នង ត្រូវអគ្គីភ័យលេបត្របាក់គ្មានសល់ នៅស្រុកក្រូចឆ្មារ

ខេត្តត្បូងឃ្មុំ៖ នៅរសៀលម៉ោង ជិត៣ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩នេះ អគ្គីភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ អស់ចំនួន៤ខ្នង ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមូលហេតុ មិនទាន់មានប្រភពណាអះអាងច្បាស់លាស់នៅឡើយទេ គ្រាន់តែបញ្ជាក់ថា មានឮសំលេងផ្ទះ ក៏មានអណ្តាតភ្លើងឆាបឆេះតែម្តង ខណៈនេះសមត្ថកិច្ចជំនាញ បានប្រើរថយន្តពន្លត់អគ្គីភ័យពន្លត់បានជាស្ថាពរហើយ ។

លោក អនុសេនីយ៍ឯក រឿង ចន្ថា មេប៉ុស្តិ៍នគរបាលឃុំ ជំនីក បានបញ្ជាក់ឱ្យដឹងថា អគ្គីភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន៤ខ្នង នៅចំណុចខាងលើ ហើយមូលហេតុ ពំុទាន់ធ្វើការសន្និដ្ឋានថា យ៉ាងណានោះទេ គ្រាន់តែឮសម្លេងផ្ទុះ ហើយក៏មានអណ្តាតភ្លើងបានឆាបឆេះឡើងសន្ធោរសន្ធៅឡើងតែម្តង ។ ការខូចខាតទ្រព្យអស់យ៉ាងច្រើនដោយផ្ទះខ្លះម្ចាស់មិននៅទេ អស់ទំហំប៉ុណ្ណា មិនទាន់ដឹងច្បាស់ទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។

លោកមេប៉ុស្តិ៍ បានបញ្ជាក់ទៀតថា ក្នុងការទប់ស្កាត់ពន្លត់អគ្គីភ័យនេះ គឺមានកម្លាំង៖ នគរបាលស្រុកក្រូចឆ្មារ កងរាជអាវុធហត្ថស្រុកក្រូចឆ្មារ សិករងស្រុកក្រូចឆ្មារ និងមានកម្លាំងសហការពី នគរបាលស្រកឆ្លូង នគរបាលក្រុងសួងផងដែរជួយសហការពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង ទើបពន្លត់ និងគ្រប់គ្រងស្ថានការបាន នៅម៉ោង៥នេះ កម្លាំងសហការបានបាញ់ពន្លត់មិនឱ្យអណ្តាតភ្លើងឆេះរាលដាលបន្តបានឡើយ ។ ការឆេះនេះ មិនបណ្តាលឱ្យបះពាល់ដល់ជីវិតមនុស្សឡើយ ។ នេះជាព័ត៌មានបឋមសមត្ថកិច្ចកំពុងស្រាវជ្រាវ បញ្ជាក់ពីការនៅពេលក្រោយ ៕