បើកបរមិនត្រូវល្មើសល្បឿនកំណត់ជាដាច់ខាត! ស្លាប់៦នាក់ និងរបួស២៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៨ ខែមីនាម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់, របួសស្រាល ១៤នាក់ និងរបួសធ្ងន់ ១៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ១​២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន ៨គ្រឿង, រថយន្តតូច ១១គ្រឿង, រថយន្ដធុនធំ ៤គ្រឿង និងថ្មើរជើង ២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់, ស្រវឹង, មិនគោរពសិទ្ធិ និងប្រជែង។

សូមបញ្ជាក់ថា រយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២១១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១១៩នាក់, របួសធ្ងន់១៦០ និងរបួសស្រាល​ ១១៩នាក់៕​