ដើម្បីសុខមាលភាព និងបរិស្ថានប្រជាពលរដ្ឋទាំងអស់ត្រូវវេចខ្ចប់ទុកដាក់សំរាមអោយបានល្អ

កំពង់ឆ្នាំង៖ ក្រោយថ្ងៃបុណ្យទន្លេចប់ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំលោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សាសាលាបឋមសិក្សាគំរូ
ក្រុងកំពង់ឆ្នាំង ចំនួន១ពាន់នាក់ចូលរួមប្រមូលសំរាមនៅសួនដើមពោធិ៍ សួនកង្រីនិងតាមដងផ្លូវក្នុងក្រុងកំពង់ឆ្នាំង ។

លោក ស៊ុន សុវណ្ណារិទ្ធ បានបញ្ជាក់អោយដឹងថា បុណ្យទន្លេលើកទី ៥ នៅខេត្តកំពង់ឆ្នាំង រយៈពេល៣ថ្ងៃមាន មានប្រជាពលរដ្ឋចូលរួមលេងកំសាន្តប្រមាណជាង១លាននាក់ ហេតុដូច្នេះបានជាមានបញ្ហាសំរាមមានច្រើន។ បញ្ហានេះ អាជ្ញាធរខេត្ត បានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡា បាននាំគ្នាប្រមូលសំរាមបានទាន់ពេលវេលាផងដែរ។ .

ក្នុងឱកាសនោះ លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សសាលាបឋមសិក្សាគំរូក្រុង ដែលបានចូលរួមប្រមូលសំរាម បានសម្ដែងទឹកចិត្តរីករាយ ដោយបានបញ្ជាក់ថា ពួកគាត់មានមោទនភាព ព្រោះបានចូលរួមរើសសំរាម សំអាតបរិស្ថានក្នុងក្រុងកំពង់ឆ្នាំង ដើម្បីសុខមាលភាពបរិស្ថាន និងឱ្យមានសោភ័ណភាពក្នុងក្រុង ។

ស្របគ្នានោះ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាកុំចោលសំរាម បែបនេះទៀត បើមានកម្មវិធីលើកក្រោយ ។ ត្រូវយកសំរាមទៅដាក់ក្នុងធុងសំរាមអោយបានត្រឹមត្រូវ។
លោក ស៊ុន សុវណ្ណារិទ្ធ បានបញ្ជាក់ដែរថា ចំពោះសំរាមដែលនៅសេសសល់ថ្ងៃទី១៩ ក្រុម ស.ស.យ.ក ខេត្ត,ក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្ត និង ក្រុមយុវជនកាកបាទក្រហមខេត្តសហការគ្នា បន្តប្រមូលសំរាមអោយអស់ និងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តយករថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំងមកបាញ់ទឹកសំអាតដើម្បីបញ្ចប់ការងារ អោយអស់តែម្តង ។

លោកបានបញ្ជាក់ទៀតថា ជាទិសដៅបន្តអាជ្ញាធរខេត្តនឹងរៀបចំសោភ័ណភាពក្រុងកំពង់ឆ្នាំងបន្តទៀត ដើម្បីចូលរួមប្រលងប្រណាំងទីក្រុងស្អាតថ្នាក់អាស៊ាន ដែលខេត្តកំពង់ឆ្នាំង បានចូលរួមប្រឡងទីក្រុងស្អាតថ្នាក់អាស៊ានជាមួយបណ្តាខេត្ត៥ទៀត ៕