ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលសញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ» ពីសកលវិទ្យាល័យ គ្រើក ប្រទេសថៃ

(ភ្នំពេញ)៖ សាកលវិទ្យាល័យគ្រើក (Krirk University) ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ។

ថ្នាក់ដឹកនាំសាកលវិទ្យាល័យគ្រើក បានអញ្ជើញប្រគល់សញ្ញាបត្រនេះដោយផ្ទាល់ជូនសម្តេចតេជោ ហ៊ុន សែន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះផងដែរ។

សាកលវិទ្យាល័យគ្រើក គឺជាសាកលវិទ្យាល័យដ៏ល្បាញល្បីមួយនៅក្នុងប្រទេសថៃ មានអាយុកាល៦៧ឆ្នាំហើយ។ លោក ចម ប៊ុនយ៉ាប្រាសើត ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យគ្រើក បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំពិភពលោកទី១ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតមានមោទនភាព និងកិត្តិយសដ៏ខ្អង់ខ្ពស់ដែលសាកលវិទ្យាល័យគ្រើក ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាសកលវិទ្យាល័យ ពិសេសលោកបណ្ឌិត សាស្រ្តាចារ្យ ក្រាស៊ែ ឆាណាវង្ស ប្រធានសកលវិទ្យាល័យ គ្រើក គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងតំណាងនិស្សិតនៃសកលវិទ្យាល័យ គ្រើក ដែលបានសិក្សាស្រាវជ្រាវពីប្រវត្តិតស៊ូដឹកនាំរបស់សម្តេច។ ជាពិសេសការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះរបស់សម្តេចរហូតបិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កិត្តិយសរបស់សម្តេចនាពេលនេះ គឺជាកិត្តិយសរបស់ប្រជាពលរដ្ឋជាទីស្រឡាញ់របស់សម្តេច ដែលបានគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់កិត្តិយសដែលសម្តេចទទួលបាននាពេលនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងរឹងមាំនៃទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលរីកធំធាត់ជាលំដាប់ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការអភិវឌ្ឍន៍ធនធានមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនាពេលនេះ ពិតជាមានអត្ថន័យសម្រាប់សម្តេច និងប្រជាជនកម្ពុជា។ កម្ពុជាទើបទទួលបានសុខសន្តិភាពត្រឹមតែ២០ឆ្នាំប៉ុណ្ណោះ ថ្ងៃបិទបញ្ចប់សង្គ្រាមចុងក្រោយគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបិទបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូឈាម និងគ្មានការលូកដៃពីក្រៅ ជាការរួបរួមលើកដំបូងក្នុងជាតិខ្មែរមិនធ្លាប់មានរយៈពេលប្រមាណ ៥០០ឆ្នាំ។

* សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា បច្ចុប្បន្នកម្ពុជាបានសាងសង់វិមានឈ្នះឈ្នះ ដែលមានអត្ថន័យជាប្រវត្តិសាស្រ្ត គឺការបញ្ចប់សង្រ្គាមជាស្ថាពរ និងតំណាងឲ្យកម្ពុជា មានសុខសន្តិភាព និងឈ្នះជានិច្ចនិរន្តរ៍ ហើយបានកត់ត្រាទុកនូវសមិទ្ធផលសង្គមជាតិច្រើនឥតគណនា សម្រាប់កូនចៅជំនាន់ក្រោយ បានសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយការបិទបញ្ចប់សង្គ្រាមរយៈពេល២០ឆ្នាំមកនេះ កម្ពុជាទទួលបានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយរក្សាបានកំណើនប្រមាណ ៧ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាកំពុងផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ទន្ទឹមនេះយើងនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឲ្យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

* សម្តេចតេជោ ហ៊ុន សែន បានអះអាងថា មោទនភាពរបស់សម្តេចនៅថ្ងៃនេះ ជាមោទនភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។