ការបោះឆ្នោតជាមុនរបស់ប្រទេសថៃ ចាប់ផ្តើមជាមួយនឹងហ្វូងមនុស្សតម្រង់ជួរដ៏វែង

អន្តរជាតិ៖ អ្នកបោះឆ្នោតរាប់រយពាន់នាក់ បានប្រមូលផ្ដុំគ្នានៅតាមសាលារៀន ចំណតយានយន្ត និងវត្តអារាមនានា នៅទូទាំងប្រទេសថៃកាលពីថ្ងៃអាទិត្យ ទី17 ខែមីនា ដែលចង់បោះឆ្នោតជាមុនមួយសប្តាហ៍មុន ការបោះឆ្នោតជាលើកដំបូងបានមកដល់របស់ប្រទេសនេះក្នុងរយៈពេល 8 ឆ្នាំ ។ ប្រជាជនថៃជាង 2,3លាននាក់ ត្រូវបានគេរំពឹងថានឹងបោះឆ្នោតមុនថ្ងៃបោះឆ្នោតផ្លូវការថ្ងៃទី24 ខែមីនា ។

ចាប់តាំងពីរដ្ឋប្រហារឆ្នាំ2014 ដែលបានបណ្តេញនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រារួចមក រដ្ឋាភិបាលយោធា តែងតែពន្យារពេលនៃការបោះឆ្នោត ប្រជាធិបតេយ្យម្តងហើយម្តងទៀត ដែលជាក្តីសោកសៅរបស់សាធារណជនថៃ ។ អ្នកស្រី Paka Kaengkhiew អាយុ 48 ឆ្នាំនិយាយថា “ទីបំផុតខ្ញុំមានឱកាសបោះឆ្នោត ដោយខ្ញុំបានរង់ចាំយូរមកហើយ” ។ នៅស្រុក ឌូ ស៊ីត ដែលជាទីតាំងការិយាល័យយោធា និងអាគាររដ្ឋាភិបាលអ្នកបោះឆ្នោតបានប្រមូលផ្តុំនៅទីធ្លាសាលារៀនមួយ មុនពេលការិយាល័យបោះឆ្នោតមួយបានបើកទ្វារ ។

នៅម៉ោង 9 ព្រឹកលោក ព្រេម ទិនស៊ូឡាណន់ ដែលជាប្រមុខក្រុមទីប្រឹក្សា ព្រះមហាក្សត្រថៃ មហាវេចរ៉ា ឡុងកន បានមកដល់សាលារៀន ។ តាមការឃ្លាំមើលរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ និងអន្ដរជាតិ បុរសអាយុ 98ឆ្នាំរូបនេះ ត្រូវបានគេរុញនៅក្នុងកៅអីរុញមួយចូលទៅក្នុងថ្នាក់មួយ ដែលមានរូបព្រះឆាយាលក្ខ នៃអតីតព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត ដោយគាត់បានណែនាំ មុនពេលដើរជំហានចុងក្រោយ ទៅកាន់ស្តង់បោះឆ្នោត ។ ប្រជាជនថៃជាង 51 លាននាក់ មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតផ្លូវការថ្ងៃទី24 ខែមីនា ដែលនឹងត្រូវបានធ្វើឡើងក្រោមរដ្ឋធម្មនុញ្ញ ដែលសរសេរដោយយោធា ។

ក្រុមអ្នកវិភាគនិយាយថា ប្រព័ន្ធបោះឆ្នោតថ្មី គាំទ្រដល់គណបក្សសម្ព័ន្ធមិត្តយោធា ដែលដឹកនាំដោយមេដឹកនាំយោធា លោក ប្រាយុទ្ធ ចានអូចា ដែលកំពុងធ្វើជានាយករដ្ឋមន្ត្រីស៊ីវិល បន្ទាប់ពីរដ្ឋាភិបាលត្រូវបានបង្កើតឡើង ។ ប៉ុន្តែអ្នកបោះឆ្នោតនៅថ្ងៃអាទិត្យ នៅតែប្រកាន់យកក្តីសង្ឃឹមសម្រាប់ការផ្លាស់ប្តូរ ។

ម៉ាត ប៊ូប៉ា អាយុ 53 ឆ្នាំបាននិយាយថា “ខ្ញុំបោះឆ្នោតនៅថ្ងៃនេះ ដោយសង្ឃឹមថា មានការផ្លាស់ប្ដូរកាន់តែប្រសើរ” ។ (Reuters ថ្ងៃទី១៨ ខែមីនា)