មន្ត្រីឧទ្យានុរក្សប្រចាំការ ការពារព្រៃអង់តែន ត្រូវជនល្មើសកាប់៥កាំបិត បង្កឱ្យមានរបួសធ្ងន់ធ្ងរ

(កំពង់ធំ)៖ មន្ត្រីឧទ្យានុរក្សប្រចាំការ នៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន ឈ្មោះ ចក់ សុជាតិ អាយុ៣០ឆ្នាំ ត្រូវជនល្មើសកាប់ត្រូវចំនួន០៥កាំបិតផ្គាក់ ត្រូវចំក្បាល កញ្ចឹងក និងកដៃ បង្កឱ្យមានរបួសធ្ងន់ធ្ងរ ដឹកទៅសង្គ្រោះ បន្ទាន់នៅមន្ទីពេទ្យក្នុងក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ។

បើតាមលោក តុប កក្ដា បានអោយដឹងថាករណីខាងលើកកម្លាំងលោកកំពុងធើការនិងស្រាវជ្រាវរកជនបង្កយក មកថ្កោលទោសចំពោះអំពើអមនុស្សធម៌ យ៉ាងសាហាវឃោរឃៅរបស់ក្រុមជនល្មើស ប្រឆាំងនឹងក្រុមអ្នកការពារ និងអភិរក្សធនធានធម្មជាតិ អំឡុងពេលចុះបំពេញបេសកកម្មក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។

បើតាមលោក តុប កក្ដា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ កម្លាំងមន្ត្រីឧទ្យានុរក្ស ប្រចាំការនៅព្រៃអង់តែនចំនួន០៥នាក់ បានចុះល្បាតនៅតំបន់ អូរដើមថ្កូវ ក្នុងភូមិសាស្ត្រ ឃុំក្រយា ស្រុកសន្ធុក ខេត្តកំពង់ធំ បានជួបប្រទះជនល្មើសចំនួន០២នាក់ កំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសកាប់ឆា្ករព្រៃទន្ទ្រានយកដីព្រៃធ្វើចម្ការ ពេលនោះមន្ត្រីឧទ្យានុរក្សបានដេញចាប់ជនល្មើស តែបានទាក់ជើងដួលហើយត្រូវជនល្មើសតដៃ ដោយបានកាប់ត្រូវកម្លាំងមន្ត្រីឧទ្យានុរក្សម្នាក់ឈ្មោះ ចក់ សុជាតិ ត្រូវចំនួន ០៥កាំបិតផ្គាក់ ត្រូវចំក្បាល កញ្ចឹងក និងកដៃ បណ្តាលអោយរងរបួសធ្ងន់។ ចំណែកមន្ត្រីឧទ្យានុរក្ស ៤ នាក់ផ្សេងទៀត មិនមានរងរបួសអ្វីឡើយ។

ចំណែកជនល្មើសបានរត់គេចខ្លួនបាត់។លោក តុប កក្ដា បន្ថែមថាបច្ចុប្បន្នមន្ត្រីឧទ្យានុរក្សដែលមាន របួសមានស្ថានភាព ធ្ងន់ធ្ងរផែ្នកលលាដ៏ក្បាល ត្រូវបានក្រុមគ្រូពេទ្យបានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងលោកបានធ្វើកំណត់ហេតុ និងដាក់ពាក្យបញ្ជូនទៅកាន់តុលាការដើម្បីវែកមុខរកជនល្មើសមកផ្តន្ទាទោស។លោក ចក់ សុជាតិ គឺជាមន្ត្រីឧទ្យានុរក្សទី២ ដែលត្រូវបានរងរបួសដោយការតដៃរបស់ជនល្មើស ក្នុងបទល្មើសធនធាន ធម្មជាតិ ក្នុងរយៈពេល ២ខែចុងក្រោយនេះ។ កាលពីចុងខែមករា ឆ្នាំ២០១៩ មន្ត្រីឧទ្យានម្នាក់ឈ្មោះ ចេង ចាន់ធី ត្រូវ បានក្រុមព្រានព្រៃប្រកបដោយកាំភ្លើងបាញ់ប្រហារមកលើ ធ្វើឱ្យរបួស ចំភ្លៅ អំឡុងពេលនៃការចុះបង្ក្រាបបទល្មើស សត្វព្រៃក្នុងភូមសាស្ត្រនៃដែនជម្រកសត្វព្រៃស្រែពក.ខេត្តរត់តៈគីរី៕