ក្រសួង​សាធារណការ កំពុង​រក​មធ្យោបាយ​បង្កើនល្បឿន​ផ្លូវដែក ឲ្យ​បាន​លឿន​ជាង​នេះ​

(​ភ្នំពេញ​)៖ ផ្លូវដែក​ភាគ​ខាងជើង ត្រូវបាន​ត​ភ្ជាប់​ទាំងស្រុង​ពី​ភ្នំពេញ​ទៅ ប៉ោយប៉ែត និង​គ្រោង​ត​ភ្ជាប់​ជាមួយ​ផ្លូវដែក​របស់​ប្រទេស​ថៃ​នាពេលខាងមុខ ដើម្បី​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ បន្ទាប់ពី​ត្រូវបាន​កាត់ផ្តាច់​អស់​រយៈពេល ៤៥ឆ្នាំកន្លងមក​។

យ៉ាងណាមិញ ល្បឿន​ផ្លូវដែក​មួយ​នេះ មិនទាន់​អាច​រត់​បាន​លឿន​ឲ្យ​សម​ស្របតាម​តម្រូវការ​នោះទេ ខណៈដែល​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​។​

​ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង​នៅ​ថ្ងៃទី​១៩ ខែមីនា​ថា បច្ចុប្បន្ន ល្បឿន​ផ្លូវដែក​ភាគ​ខាងជើង​នេះ មិនទាន់បាន​លឿន​តាម​ការចង់បាន​នោះទេ ផ្នែក​ខាងត្បូង​ខ្លះ​រត់​បាន ៨០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង ប៉ុន្តែ​ប៉ែក​ខាងជើង កន្លែង​ខ្លះ​បាន ៣០ កន្លែង​ខ្លះ​បាន ៥០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង ដោយសារ​តែមាន​ផ្លូវ​ឆ្លងកាត់​ផ្លូវដែក​ច្រើនពេក​។​

​ឯកឧត្ដម​បន្តថា​៖ «​ដូច្នេះ​យើង​ត្រូវ​រក​នីតិវិធី តើ​ការឆ្លងកាត់​ផ្លូវដែក​នេះ គួរ​ដាក់​នៅ​ពីលើ ឬ​ដា​ក់នៅ​ពីក្រោម​ដី​វិញ​? ប៉ុន្តែ បែបនេះ​គឺ​ត្រូវ​ប្រើប្រាស់​ថវិកា ហើយ​យើង​ស​ង្ឈឹ​ម​ថា ថ្ងៃក្រោយ​រថភ្លើង​យើង នឹងមាន​ការរីកចម្រើន ទាំង​ល្បឿន​ក៏បាន​លឿន​ផងដែរ ដើម្បី​ជួយ​ដឹកទំនិញ​តាម​រថភ្លើង​ឲ្យ​បាន​ច្រើន កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ខូចខាត​ផ្លូវថ្នល់​របស់​យើង​»​។​

​សូមជម្រាបថា ផ្លូវដែក​ភាគ​ខាងជើង​ប្រទេស ពី​រាជធានី​ភ្នំពេញ​ដល់​ពោធិ៍សាត់ ភ្ជាប់​រហូតដល់​ក្រុង​ប៉ោយប៉ែត មាន​ប្រវែង​សរុប ៣៨៦​គីឡូម៉ែត្រ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨​។ រថភ្លើង​អាច​រត់​ក្នុង​ល្បឿន​៣០​គម ក្នុង​១​ម៉ោង ហើយ​ក្រសួង​កំពុង​ពង្រឹង​ផ្លូវដែក​មួយ​នេះ ឲ្យ​រត់​បាន​ល្បឿន​៦០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ដើម្បី​បង្វែរ​ការធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ និង​ការដឹកជញ្ជូន​ទំនិញ​ផ្សេងៗ​តាម​រថភ្លើង​៕