ជនប្រដាប់អាវុធ២នាក់ បាញ់២គ្រាប់ផ្អើលដល់ប្រជាពលរដ្ឋនៅសង្កាត់អូឡាំពិក ខណ្ឌចំការមន ដោយមិនទាន់ដឹងមូលហេតុ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានបាញ់ចំនួន២គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ និងអ្នកដំណើរតាមផ្លូវលេខ ២៧៦ កែង ១៤៣ ក្នុង សង្កាត់អូឡាំពិក ខណ្ឌចំការមន នាយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដោយមិនទាន់ដឹងមូលហេតុ។

យោងទៅតាម សាក្សី និងសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុគេឃើញមានបុរស២នាក់ជិះម៉ូតូ១គ្រឿង លុះពេលជិះមកដល់ចំណុចខាងលើ ក៏បាញ់ចំនួន២គ្រាប់ តែម្តង មុនពេលគេចខ្លួនទៅបាត់។ ចំពោះហេតុការណ៍បាញ់បោះខាងលើនេះ គ្មាននរណាដឹងថា ផ្តើមចេញពីមូលហេតុអ្វីនោះឡើយ មិនដឹងថា តើជនសង្ស័យខឹងនរណា ឬមានជម្លោះជាមួយនរណានោះទេ។

តាមសាក្សីដដែល ក្រោយពេលបាញ់នោះ ក៏លេចមុខជនសង្ស័យផ្សេងទៀត បើកម៉ូតូមកដល់កន្លែងកើតហេតុ ប្រុងរើសសំបកកាទូស ប៉ុន្តែដោយសារឃើញសមត្ថកិច្ចទៅដល់ ក៏គេចខ្លួនតែម្តង។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យជាក់ស្តែងនៅកន្លែងបាញ់ និងបានត្រឹមរើសសំបកាទូសកាំភ្លើង ដើម្បីទុកធ្វើជាភស្តុតាងប៉ុណ្ណោះ៕