សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ជា​ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ​នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។
សម្តេចតេជោថ្លែងថា ប្រាសាទព្រះវិហារ ជាប្រាសាទដ៍ពិសិដ្ឋ របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​។

ទំនាស់នៅប្រាសាទព្រះវិហា រវាងប្រទេសកម្ពុជា និង ប្រទេសថៃ បានចាប់ផ្តើមផ្ទុះ​ឡើង​​​​ខ្លាំង នៅឆ្នាំ ១៩៥៤ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យ ពីបារាំង​ហើយ​​ថៃ​បាន​ បញ្ជូន​​ទាហាន ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។ បន្ទាប់ពីបរាជ័យក្នុងការតវ៉ាតាមផ្លូវការទូត កម្ពុជា បានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ១៩៥៩ ដើម្បីសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឱ្យកម្បុជា និង​ទាមទារឱ្យថៃ ដកយោធាចេញពីតំបន់ប្រាសាទព្រះវិហារ និងប្រគល់ ​​​វត្ថុបុរាណ ដែល​ថៃ​បាន​យក​ចេញ​ពី​ប្រាសាទ​ព្រះវិហារ ឬ​ពី​​តំបន់​ប្រាសាទ​ ក្នុង​​អំឡុង​ពេល​ដែល​ថៃ​កាន់​កាប់​ប្រា​សាទ ចាប់តាំង​ពី​ឆ្នាំ​១៩៥៤ ​មក​ឲ្យ​កម្ពុជា​វិញ​។

ការសម្រេចរបស់តុលាកា ក្រុងឡាអេ ៣ ចំណុច មានតែមួយចំណុច ដែលត្រូវបានអនុវត្តគឺចំណុចទី១ ដែលកំណត់ថា ប្រាសាទព្រះវិហារ ស្ថិតក្នុងដែនដីកម្ពុជា ចំណែកឯ​ចំណុចទី២ ដែលតុលាការបង្គាប់ឱ្យថៃដកយោធា និងកងកម្លាំងចេញពីប្រាសាទ និងបរិវេណជុំវិញប្រាសាទ ក្នុង​ដែន​ដី​កម្ពុជានោះ មិន​ត្រូវ​បាន​ភាគី​ថៃ​អនុវត្តនោះទេ។

ថៃអះអាងថា បរិវេណ​ជុំ​វិញ​ប្រាសាទ ដែល​មាន​ទំហំ​៤,៦​គីឡូម៉ែត្រ​ការ៉េ​នោះ គឺ​ជា​កម្មសិទ្ធិ​​របស់​ថៃ​ ហើយ​ថៃ​មាន​សិទ្ធិ​ដាក់​កង​កម្លាំង​របស់​ខ្លួន នៅ​ទី​នោះ​។ នៅ​ខែ​កក្កដា ឆ្នាំ​២០០៨ ថៃ​បានបញ្ជូនយោធាចូលមកក្បែរតំបន់ប្រាសាទម្តងទៀត ដែលបង្កឱ្យជម្លោះផ្ទុះឡើងជាថ្មីម្តងទៀត នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៣ ជម្លោះកើតឡើងជាថ្មីទៀត ជម្រុញឱ្យកម្ពុជា​​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ ឲ្យ​បក​ស្រាយ​សាលដីកា​ក្រុង​ឡាអេ ឆ្នាំ​១៩៦២​ឡើង​វិញ​។

តុលាការ​យុត្តិធម៌​អន្ដរជាតិ បាន​បក​ស្រាយ​សាល​ដីកា​ឆ្នាំ​១៩៦២​ឡើង​វិញ និង​បាន​សម្រេច​ថា កម្ពុជា​មាន​អធិបតេយ្យភាព​លើ​ដែនដី​ទាំង​មូល​នៃ​តំបន់​ប្រា​សាទ​​ព្រះវិហារ និង​សម្រេច​ឲ្យ​ភាគី​ថៃ ដក​កង​កម្លាំង​ប្រដាប់​អាវុធ និង​ឆ្មាំ​ប្រាសាទ​ទាំង​អស់​ចេញ​ពី​បរិវេណ​ជុំ​វិញ​ប្រាសាទ។ ប៉ុន្តែ សេចក្ដី​សម្រេច​លើក​ទី​២​នេះ នៅ​តែ​មិន​អាច​ចាប់​បង្ខំ​ឲ្យ​ថៃ​អនុវត្ត​តាម​បាន​ដដែល​។

មិន​ត្រឹម​តែ​មិន​ដក​កម្លាំង​ចេញ​ពី​ដែន​អធិបតេយ្យ​ខ្មែរ​ទេ ភាគី​ថៃ​ក៏​នៅមិន​ទាន់​ប្រគល់​វត្ថុ​សិល្បៈ​បុរាណមក​ឲ្យ​ខ្មែរ​វិញ​ដែរ​។ ជា​វត្ថុ​បុរាណ ដែលថៃ​​បាន​យក​ចេញ​ពី​ប្រាសាទ​ព្រះវិហារឬ​តំបន់​ប្រាសាទ ក្នុង​អំឡុង​ពេល​ដែល​ថៃ​កាន់​កាប់​ប្រាសាទ​ចាប់​ពី​ឆ្នាំ​១៩៥៤​។

កម្ពុជាបានឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ ពីភាគីថៃ នៅថ្ងៃទី ១៥ ខែមិថុនា ១៩៦២ ហើយនៅថ្ងៃទី ៧ ខែកក្កដា ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេបិច ប្រទេសកាណាដា៕ (ដោយ​៖ ឡេង ដេត)