ក្រសួងយុត្តិធម៌ បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​នេះ ក្រសួងយុត្តិធម៌ រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ត្រួតពិនិត្យ ការអនុវត្ត​ការងារ​កំណែ​ទម្រ​ង​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ជាមួយ​មន្ត្រី​សាលាដំបូង​រាជធានី​ខេត្ត ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​។​

​ឯកឧត្តម ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ប្រាប់ថា កិច្ចប្រជុំ​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ត្រួតពិនិត្យ ការអនុវត្ត​កម្មវិធី​កំណែ​ទម្រ​ង​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ នៅ​កម្ពុជា​ក្នុង​រយៈពេល ៥​ឆ្នាំ (២០១៤-២០១៨) ដើម្បី​រក​ចំណុច​ដែល​បាន​អនុវត្ត ចំណុច​ដែល​មិនទាន់​អាចអនុវត្ត​បាន និង​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​កម្មវិធី​នាពេល​កន្លងមក​។

​ឯកឧត្តម បាន​បន្តថា កិច្ចប្រជុំ​នេះ​ក៏​នឹង​ពិភាក្សាគ្នា​ក្នុង​អនុវត្ត​បន្ត​នូវ​ចំណុច​ដែល​មិនទាន់​អនុវត្តបាន និង​ដាក់ចេញ​នូវ​ចំណុច​ដែល​ត្រូវ​បន្តធ្វើ​នៅក្នុង​រយៈ ៥​ឆ្នាំ (២០១៩-២០២៣) ខាងមុខ ដើម្បី​មាន​សារសំខាន់​សម្រាប់​កំណែទម្រង់​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​។

​កិច្ចប្រជុំ​ពិភាក្សា​លើ​កម្មវិធី​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​នេះ​មានការ​រួម​របស់​មន្ត្រី​ក្រសួងយុត្តិធម៌ តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា មន្ត្រី​សាលាដំបូង​រាជធានី​ខេត្ត ដៃគូ​អភិវឌ្ឍន៍ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។​

​សូម​ជម្រាបជូន​ថា គណៈកម្មាធិការ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ មាន​ឯកឧត្តម អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ជា​ប្រធាន និង​មាន​មន្ត្រី​សាលាដំបូង​រាជធានី​ខេត្ត ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ផ្នែក​យុត្តិធម៌​មួយចំនួន​ជា​សមាជិក​៕