អត្តពលិកអត្តពលកម្មចំនួន៦១ ចូលរួមធ្វើតេស្តិ៍ ត្រៀមចូលរួមជម្រើសជាតិ២០២០

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២០ លោក ផៃ សុខ ជាអនុប្រធានទី១សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត តំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ ជាប្រធាន បានអញ្ជើញចុះពិនិត្យមើលសកម្មភាពធ្វើតេស្តិ៍ សម្ថភាពចូលជម្រើសជាតិកីឡាអត្តពលកម្មឆ្នាំ២០២០ រៀបចំឡើងដោយសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តក្នុងទីលានបាល់ទាត់ នៃបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ហ៊ុន បូរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តបានប្រាប់ឲ្យដឹងថា ការធ្វើតេស្តិ៍លើកនេះមានកីឡាករ-កីឡាការិនីចំនួន៦១នាក់ក្នុងនោះ មានកីឡាការិនីចំនួន១៧នាក់មកពីក្លិប និងសមាគមចំនួន១១ ដើម្បីជ្រើសរើស កីឡាករ-កីឡាការិនីឆ្នើមចំនួន៥នាក់ ចូលហ្វឹកហាត់ក្រុមជម្រើសជាតិ២០២០។

យោងតាមស្មារតីអង្គប្រជុំ គណៈកម្មការជ្រើសរើសកីឡាករ-កីឡាការិនី៥នាក់ ដែលធ្លាប់ចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡា SEA GAMES 2019 ព្រមទាំងទទួលបានលទ្ធផលល្អថែមទៀត ត្រូវជាប់ក្រុមជម្រើសជាតិ ដោយស័្វយប្រវត្តិ ហើ៥នាក់ទៀត សហព័ន្ធនឹងតេស្តិ៍សមត្ថភាព ស្វែងរកចំនួនបន្ថែមទៀត ត្រូវអនុញ្ញាតកីឡាករ-កីឡាការិនី នៅតាមបណ្តោលខេត្តនានា ចូលរួមទំាងអស់ ដើម្បីរកកីឡាករ-កីឡាការិនី មានសមត្ថភាពពិតប្រាកដ។

ចំណែកលោកគ្រូបង្វឹក ចំនួន៧នាក់ ដែលឈរឈ្មោះ អង្គប្រជុំសម្រេចជ្រើសរើស៥នាក់ តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡាឲ្យ។ ដូច្នេះក្រុមជម្រើសជាតិអត្តពលកម្មឆ្នាំនេះ មានគ្រូបង្វឹកចំនួន៥នាក់ កីឡាករ-កីឡាការិនី១០នាក់ ក្នុងនោះកីឡាការិនី២នាក់ ចំពោះក្រុមជម្រើសជាតិ អត្តពលកម្មថ្នាលវិញ មានគ្រូបង្វឹកចំនួន៤នាក់ កីឡាករ-កីឡាការិនី១៨នាក់ក្នុងនោះកីឡាការិនី៧នាក់៕ ដោយ៖ កូនដូច(Micheal)