សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ជាថ្មី​ថា សម្តេច​នឹង​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​លើសពី ១០​ឆ្នាំ​ទៀត​

(​ភ្នំពេញ​)៖ ជាថ្មី​ម្តងទៀត នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សម្តេច​នឹង​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា លើសពី ១០​ឆ្នាំ​ទៀត​។ កាលពី​លើក​មុនៗ សម្តេច​បានប្រកាសថា សម្តេច​នឹង​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ត្រឹមតែ ២​អាណត្តិ​ទៀត ពោលគឺ​រយៈពេល ១០​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កាត់ដេរ នៅ​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​ក្មួយ​ត្រូវ​ចងចាំ​ឲ្យ​បាន​ថា ដំណាក់កាល កម្ពុជា​បច្ចុប្បន្ន មិនអាច​ខ្វះ​បាន​នូវ​តួនាទី​របស់​គណបក្ស​ប្រជាជន ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ ដើម្បី​ធានា​ការអភិវឌ្ឍន៍​បានទេ​។ គណបក្ស​ដទៃ មិន​ថា​គណបក្ស​ណា​ជា​គណបក្ស​ណា មិនទាន់មាន​លទ្ធភាព​ដើម្បី​ទទួល​កិច្ចការងារ​នោះទេ ព្រោះ​គោលនយោបាយ​របស់គេ មិន​ខុសពី​ទឹក​ឡើង ត្រី​ស៊ី​ស្រមោច ទឹក​ខើច​ស្រមោច​ស៊ី​ត្រី​។ មិនទាន់​ទាំង​បាន​កាន់អំណាច​ផង អំពាវនាវ​ឲ្យ​កម្លាំងប្រដាប់អាវុធ ធ្វើ​ចម្បាំងរាំងជល់​ជាមួយ​រដ្ឋាភិបាល​ទៅហើយ​។ អីចឹង​តើ​នោះ វា​ជា​អ្វី​? អំពើ​សងសឹក​មួយ វា​នឹង​កើតឡើង ដូច​របប​ខ្មែរក្រហម​អីចឹង​។ អីចឹង​ទេ បានជា​ពូ ឥឡូវនេះ មិន​ប្រាកដថា ពូ​ចូល​និវត្ត​នៅ​ឆ្នាំ​២០២៨ ទេ​! ពូ​នឹងធ្វើ​ទាល់តែ​ពួក​អា​ងាប់​អស់ហ្នឹង វា​ងាប់​អស់​។ ដាក់​សារ​ទៅ​អ្ហែង​អីចឹង​តែ​ម៉​ង់ ដើម្បី​ឲ្យ​វា​ច្បាស់ ព្រោះ​នៅលើ​ពិភពលោក គេ​គ្មាន​កំណត់​ឯណា​! រដ្ឋធម្មនុញ្ញ​កំណត់​អំពី​តំណែង​នាយករដ្ឋមន្ត្រី ថា​ត្រូវធ្វើ​ប៉ុន្មាន​ឆ្នាំ បាន​ឈប់​ទេ​។ ប្រមុខរដ្ឋ គេ​មានកំណត់ ថ្នាក់​ប្រធានាធិបតី គេ​មានកំណត់ តែ​នាយក​រដ្ឋមន្ត្រី គេ​អត់​កំណត់​ទេ ព្រោះ​គេ​មិនមែន​បោះឆ្នោត​រើស​នាយករដ្ឋមន្ត្រី​ឯណា គេ​បោះឆ្នោត រើស​សមាជិកសភា ហើយ​សមាជិកសភា​នោះ គណបក្ស​ដែល​ឈ្នះឆ្នោត គេ​ចង់​រើស​នរណា ធ្វើ​នាយករដ្ឋមន្ត្រី អាហ្នឹង​រឿង​របស់គេ​ទេ​។ អត់​មាន​រដ្ឋធម្មនុញ្ញ​ណា ចែង​ទេ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ប្រកាស​ទៅកាន់​ក្រុមកម្មករ​កាត់ដេរ​បន្ថែ​ម​ថា «​អីចឹង​បានជា​ពូ ចង់​ឲ្យ​សារ​ទៅ​បន្ថែមទៀតថា បើ​ពួក​អា​មេ​ចង្រៃ​អស់ហ្នឹង មិនទាន់​ងាប់​អស់​ទេ វា​នៅតែមាន​ពិសពុល ពូ​នៅតែ​បន្ត​ធើ ព្រោះ​លទ្ធភាព​របស់​ពូ អាច​បង្ក្រាប​ពួកវា​បាន ព្រោះ​គេ​បានដឹង​ហើយ គ្មាន​នរណា ព្រៃផ្សៃ​ជាង​ប៉ុលពត​ទេ​! ប៉ុន្តែ​នយោបាយ​ច្រេះ​ស៊ី​ដែក​របស់​ប៉ុលពត ពូ​បាន​បង្ក្រាប​វា​បាន​។ ផ្តួល​អ្ហែង​ទាល់តែ​បាន​។ ទប់ស្កាត់​អ្ហែង​ទាល់តែ​បាន​។ អ្ហែង​ដាក់​នយោបាយ​ច្រេះ​ស៊ី​ដែក អញ​ដាក់​នយោបាយ​ឈ្នះ​ឈ្នះ​។ ទី​ចុង​បំផុត អាពត​ងាប់​រកតែ​ដី​កប់​មិនបាន​ផង​»​។

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ឥឡូវ ប្រទេស​របស់​យើង មាន​សន្តិភាព​ប៉ុណ្ណេះ​ហើយ អោយ​អ្នកណា​បំផ្លាញ​? មិន​សុខចិត្ត​ទេ​! មិន​សុខចិត្ត​ទេ​! ហើយ​អ្នកឯង​ចង់ទៅ​ងាប់​ឯណា ទៅ​ងាប់​ទៅ​! សុំ​សិទ្ធិ​ជ្រកកោន​នៅក្រៅ​ប្រទេស ទៅ​សិទ្ធិ​ទៅ ហើយ​រឿង​នៅក្នុង​ប្រទេស គឺ​រឿង​ហ៊ុនសែន ដោះស្រាយ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ហើយ​នៅ​ប៉ុន្មាន​ថ្ងៃនេះ លឺ​គេ​ថា គេ​បញ្ជូន​នរណា មក​ដោះស្រាយ​រឿង EBA! អឺ មក​ដោះ​ទៅ ហ៊ុន សែន ដើរ​ជួប​កម្មករ នៅតែ​ដើរ​ជួប​កម្មករ កសិករ​នៅតែ​ជា​កសិករ ស្ទង់​ដក​។ អ្នកណា​ធើ​អី ធើ​ណុង​។ រឿង​អ្នកឯង ចូលទៅ​ជំនុំ​ជាមួយ​នរណា រឿង​អ្នក​ណុង​ទៅ​។ តែ​រឿង​សម្រេច​ចុងក្រោយ គឺ​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង​។ អាហ្នឹង រឿង​វា​អីចឹង​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្តថា «​ពូ​បាន​ផ្តាំ​ជាមួយ​កម្មករ​នៅ​កោះកុង និង​ក្មួយៗ​នៅ​កន្លែង​ដទៃទៀត​! បើ​ក្មួយ​នៅ​បន្ត​មានការ​ងារ​ធ្វើ មាន​ប្រាក់ចំណូល ក្មួយៗ​កុំ​ខ្វល់​អាណា​និយាយ​ពី​អី​! ពួក​អានេះ ទាល់តែ​និយាយថា អាណា​និយាយ​ពី​អី ព្រោះ​បើ​និយាយថា អ្នកណា​និយាយ​ពី​អី វា​អត់​ដឹង​ទេ ទាល់តែ​លឺ​សូរសំឡេង​អីចឹង​! ចាក់​ផ្ទាល់​ត្រចៀក​របស់​វា​តែម្តង ព្រោះ​វា​អត់​ចេះ​ស្តាប់​ទេ ហើយ​បើ​វា​បបួល​ភ្នាល់ កុំ​ភ្នាល់​! បបួល​ស្បថ ចាំ​ធើ ព្រោះ​ពួក​អានេះ អត់​ហ៊ាន​ស្បថ​ទេ ខ្លាច​ណាស់​។ វា​និយាយ​មូ​សារ​រហូត​។ ដល់​មូ​សារ គេ​បបួល​ស្បថ តែងតែ​ខ្លាច​។ អីចឹង បើ​អ្ហែង​មិន​ហ៊ាន​ស្បថ​ទេ អាហ្នឹង​! ឥឡូវ​យើង ឲ្យ​តែ​វា​និយាយ​អី​មក​ខុស យើង​ថា អាហ្នឹង ក្បត់​ពាក្យសម្បថ​ហើយ ព្រោះ​រាល់​ពាក្យសម្បថ​ទាំងអស់ ដែល​អ្នកឯង ធ្លាប់​ស្បថ​ពីមុនមក តែងតែ​ស្បថ​ថា សូម្បីតែ​សុំ​សីល គេ​ហាម​មូ​សារ គេ​កុំ​ឲ្យ​មូ​សារ​។ អីចឹង​ទេ អ្ហែង​ក្បត់​»​។​

​កើត​នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​១៩៥២ សម្តេច​តេ​ជោ ហ៊ុនសែន បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស ចាប់តាំងពី​ដួល​រំលំ​របប​ខ្មែរក្រហម នា​ខែមករា ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​១៩៨៦ និង​នៅ​ឆ្នាំ​១៩៨៧ ដល់​ឆ្នាំ​១៩៩០ សម្តេច ក៏បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ជាថ្មីទៀត​។ ស្របពេល​ជាមួយគ្នា​នោះ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៩៨៥ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី បន្ត​រហូតដល់​សព្វថ្ងៃ (​ឆ្នាំ​២០១៩) ពោល​គឺមាន​រយៈពេល ៣៤​ឆ្នាំ​ហើយ​៕​