ថៃ នឹង​ទិញ​អគ្គិសនី​ពីឡាវ ប្រមាណ ៤០០​មេហ្គាវាត់

(ថៃ)៖ លោក Siri Jirapongphan រដ្ឋមន្រ្តី​ក្រសួង​ថាមពល​ថៃ បាន​បញ្ជាក់​ថា ថៃ នឹង​ទិញ​អគ្គិសនីពី​ឡាវ ក្នុង​​គម្រោង​ពីរ
ដែល​មាន​ទំហំ​ ៣០០ ទៅ ៤០០មេហ្គាវាត់។ នេះ​បើតាម​ការចុះ​ផ្សាយ​របស់​សារព័ត៍មានបរទេសកាលពី​ថ្ងៃទី១៩ ខែ​មីនា ឆ្នាំ​២០១៩។
អាជ្ញាធរ​អគ្គិសនីថៃ (Egat) បាន​បន្ត​​កិច្ច​ព្រមព្រៀង​ជាថ្មី​ជាមួយ​អគ្គិសនី​ឡាវ (EDL) ដើម្បី​ទិញ​ថាមពល​ពី​វារីអគ្គិសនី​ឡាវ​ចំនួន២ គឺ Nam Ngum 1 និង Say-sed dams។ ការ​បន្ត​កិច្ចព្រមព្រៀងថ្មីនេះ ខណៈដែល​កិច្ចព្រមព្រៀង​នឹងត្រូវបញ្ចប់​នៅ​ក្នុងខែមីនានេះ ប៉ុន្តែ​តម្លៃ​ក៏ត្រូវគិតថ្មី​ផងដែរ។

ថៃ នឹង​ទិញ​អគ្គិសនី​ពីឡាវ ក្នុង​តម្លៃ ១,៨បាត (ជាង ២២៧រៀល) ក្នុងមួយ​គីឡូវាត់​ម៉ោង ក្នុងអំឡុងម៉ោងដែល​មាន​ការ​ប្រើប្រាស់​ច្រើន (Peak hours) និង​តម្លៃ​ ១,៥៣បាត (ជាង ១៩៣រៀល) ក្នុង​ម៉ោងយប់ និងចុងសប្តាហ៍ (Off-peak hours)។ បើគិតជាមធ្យម​គឺ​តម្លៃ ១,៦៣បាត (ជាង ២០៥រៀល)។ តាម​កិច្ច​ព្រមព្រៀង​ចាស់ គឺតម្លៃ ១,៣៣បាត (ជាង ១៦៧​រៀល) ក្នុង​មួយ​គីឡូវាត់​ម៉ោង។