ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៧៨នាក់

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៧៨នាក់ ក្នុងនោះនារីមានចំនួន ៦៤០នាក់នៅវិទ្យាស្ថានជាតិអប់រំ។

បើយោងទៅតាម លោកបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានឲ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះរួមមាន និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៦-២០១៧ និងឆ្នាំសិក្សា២០១៧-២០១៨។

លោកបានបញ្ជាក់ និស្សិតទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ ក៏មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣៥នាក់ផងដែរ ក្នុងនោះមាននារី ១៤នាក់ មានជនពិការ៤នាក់ និងមាននិស្សិតបរទេសចំនួន៤នាក់ផងដែរ។ និស្សិតបរទេសនេះ មានឡាវ ២នាក់ និងកូរ៉េ២នាក់។

គូបញ្ជាក់ផងដែរថា និស្សិតដែលទទួលសញ្ញាបត្រនេះ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មានការងារធ្វើ ១០០ភាគរយ ហើយថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រមានការងារធ្វើ ៧៨ភាគរយ៕