លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មិនយល់ មិនស្គាល់ពីគណបក្សប្រជាជនច្បាស់ ទើបធ្វើឲ្យគណបក្សទាំងនោះចាញ់

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា មានខាងប្រឆាំងមួយចំនួនបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមានការបែកបាក់ផ្ទៃក្នុង។ លោកថា អ្នកទាំងនោះគិតខុសបែបនេះ ទើបធ្វើឱ្យចាញ់ខ្លួនឯង ហើយមានតែអ្នកទាំងនោះទេ ដែលបែកបាក់ ដណ្តើមគ្នាធ្វើប្រធានបក្ស រហូតមានបក្សប្រហារខ្លួនឯង។

ថ្លែងក្នុងពីធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី បានរំលឹកឲ្យដឹងថា សូម្បីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅឆ្នាំ២០១២ ក៏ទទួលបានព័ត៌មានខុសដែរថា គណបក្សប្រជាជនកម្ពុជា មានការបែកបាក់ខ្លាំងណាស់ ចំណុចនេះលោកនាយករដ្ឋមន្ត្រី បានឆ្លើយតបថា មូលហេតុដែលទទួលព័ត៌មានខុសនេះហើយ បានជាព្រះអង្គចាញ់រហូតមក៕