ព្រះមហាក្សត្រព្រះរាជទានតែងតាំងអតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ជា​រដ្ឋ​លេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ

(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រ ព្រះរាជទានតែង​តាំង ជារដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍​ជបទ។

នៅអំឡុង ឆ្នាំ ២០១៣ លោក សួន សេរីរដ្ឋា ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ត្រូវបានគេ​ស្គាល់ថា ជាអ្នករិះគន់រាជរដ្ឋាភិបាលកម្ពុជា មិនសំចៃមាត់ ក្នុងតួនាទីជាប្រធាន​ចលនាអំ​ណាច​ខ្មែរ​។

ជីវិតនយោបាយរបស់លោក សួន សេរីរដ្ឋា ចាក់ស្រេះទៅដោយរឿងរ៉ាងក្តីក្តាំជាប់ខ្លួនលោក រហូត ចាប់​តាំង​ពីរូបលោក ឈានជើងចូលប្រឡូក ក្នុងសង្វៀននយោបាយ ដោយសារការរិះគន់មិនសំចៃ មាត់ទៅលើគូភាគីនយោបាយ និងថ្នាក់ដឹកនាំរដ្ឋាភិបាល។

នៅឆ្នាំ ២០១៣ លោក ត្រូវបានតុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ៧ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២៥​លាន​រៀលពីបទក្បត់ជាតិ ​ជុំវិញ​សកម្ម​ចែកចាយ​ខិ​ត្ត​បណ្ណ​ក្នុងន័យ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ។ ក្រោយមកត្រូវព្រះមហាក្សត្រចេញ​ព្រះរាជ​ក្រឹត្យលើកលែងទោសវិញ។

នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៥ លោក សួន សេរីរដ្ឋា បានដាក់ពាក្យស្នើសុំបង្កើត គណបក្ស អំណាចខ្មែរ នៅក្រសួងមហាផ្ទៃ ៥ ថ្ងៃបន្ទាប់ គណបក្សរបស់លោក ត្រូវបានក្រសួងមហាផ្ទៃ​ប្រកា​ស​ទទួលស្គាល់ថាបានចុះបញ្ជីឈ្មោះគណបក្សទៅក្នុង​បញ្ជីគណបក្សនយោ​បាយនៅក្រសួង​មហា​ផ្ទៃ។

បន្ទាប់ពីធ្វើសកម្មភាពនយោបាយ មិនបានប៉ុន្មានឆ្នាំ លោក ត្រូវបានតុលាការ ផ្តន្ទាទោសឱ្យ​ជាប់​ពន្ធនាគារ ៥ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល ពីបទញុះញង់កុំឲ្យយោធិន​ស្ដាប់បង្គាប់​ធ្វើ​ឲ្យ​ខូចទឹក​ចិត្តកងទ័ព និងបទញុះញង់​ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ក្រោយពេលចាប់ខ្លួន និងត្រូវបានតុលាការកាត់ទោស​ផងនោះ អតីតប្រធានបក្សអំណាច​ខ្មែររូ​បនេះ បានធ្វើលិខិតលាលែងពីតំណែងប្រធានបក្ស ដើម្បីជៀសវាងការរំលាយគណបក្សរបស់ខ្លួន ហើយបក្សនេះបានធ្វើសមាជសម្រេចជ្រើសរើស លោក សួង សុភ័ណ្ឌជាប្រធានគណបក្ស​ជំ​នួស​លោក សួន សេរីរដ្ឋាតែម្តង។ បន្ទាប់មក រូបលោក ត្រូវបានតុលាការដោះលែងឱ្យមាន​នៅថ្ងៃទី ២៣ សីហា ដោយសារព្រះមហាក្សត្រលើកលែងទោសតាមសំណើររបស់សម្ដេច ហ៊ុន សែន បន្ទាំប់ពីលោក បានធ្វើលិខិតសុំទោសសម្តេចតេជោ។

បន្ទាប់ពីបាត់មុខ នៅលើសង្វៀននយោបាយ ប៉ុន្មានឆ្នាំកន្លងមក លោក សួន សេរីរដ្ឋា ត្រូវបានព្រះ​មហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០នេះ តែងតាំងរូបលោក ជារដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍនជបទ៕ (ដោយ៖ ឡេង ដេត)