ប្រទេសចំនួន ៦ទៅ៧ យល់ស្របចូលរួមជួយល្បុក្កតោកម្ពុជានៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣

(ភ្នំពេញ) យ៉ាងហោចណាស់មាន៦ទៅ៧ប្រទេសនៅក្នុងអាស៊ាន ដែលបានយល់ស្របចូលរួមជួយរៀបចំកីឡាគុនល្បុក្កតោកម្ពុជា សម្រាប់ដំណើរការការប្រកួតនៅក្នុងកីឡាស៊ីហ្គេមលើកទី ៣២ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣(CAMSOC) ហើយក៏ជាអនុប្រធានសហព័ន្ធកីឡាគុនខ្មែរល្បុក្កតោកម្ពុជា បានពន្យល់នៅក្នុងឳកាសចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនិងទិសដៅការងារបន្ត កាលពីល្ងាចថ្ងៃទី០៩កក្កដានៅស្នាក់ការNOCCឲ្យដឹងថាក្នុងដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម២០២៣របស់សហព័ន្ធកីឡាល្បុក្កតោរបស់កម្ពុជាបច្ចុប្បន្ននេះ គឺកំពុងមានភាពលំបាកស្មុគស្មាញនិងរដិបរដុប ហើយដែលយើងត្រូវរួមគ្នាពុះពារដោះស្រាយនិងរួមអនុវត្តធ្វើទាំងអស់គ្នាទើបអាចសម្រេចទៅបាន ជាពិសេសគឺក្នុងការពន្យល់ណែនាំពិសេសគឺឡប់ប៊ី(Lopby) និងបង្ហាត់បង្ហាញបណ្ដាប្រទេសនៅក្នុងតំបន់មួយចំនួន ដែលថាគេនឹងចូលរួមនោះឱ្យគេហាត់គុនល្បុក្កតោរបស់កម្ពុជាយើង ទើបយើងអាចរៀបចំការប្រកួតបាន ក្នុងនោះត្រូវទៅបង្រៀនគេអំពីច្បាប់និងបទបញ្ជានៃការប្រកួត ទៅបង្ហាត់គេឲ្យគេចេះរបៀបបច្ចេកទេសក្នុងការប្រកួតប្រជែងជាមួយយើង

លោកវ៉ាត់ ចំរើន បានបញ្ជាក់ទៀតថាចាប់ពីឥឡូវនេះទៅ យើងត្រូវត្រៀមរៀបចំបទបញ្ជានៃការប្រកួតជាកម្រិតអន្តរជាតិ

ជាមួយគ្នានេះ នៅឆ្នាំក្រោយតាមការបង្ហើបឲ្យដឹងពីលោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាថា នឹងស្នើសុំថវិកាឧបត្ថម្ភពីក្រសួងអប់រំយុវជននិងកីឡាដើម្បីរៀបចំការប្រកួតមួយ ជាលក្ខណៈហ្គេមកម្រិតអាស៊ីអាគ្នេយ៍ដើម្បីឱ្យបណ្ដាប្រទេសមួយ ចំនួនមកជួបជុំគ្នានៅក្នុងប្រទេសកម្ពុជា ដើម្បីរៀនផង ធ្វើការប្រកួតផង ដើម្បីយើងបានផ្សព្វផ្សាយ នូវកីឡាគុនល្បុក្កតោរបស់យើងទៅបណ្ដាប្រទេសអាស៊ានមួយចំនួន ដែលបានយល់ស្របចូលរួមជួយរៀបចំល្បុក្កតោនៅក្នុងការប្រកួតស៊ីហ្គេម២០២៣ខាងមុខនៅកម្ពុជានេះ ដូចជាវៀតណាម ឡាវ ហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា..គឺយើងមិនមែនធ្វើតែម្នាក់ឯងទេ យើងមាន៦ ប្រទេសហើយដែលចូលរួមគាំទ្រជួយដល់គុនល្បុក្កតោរបស់កម្ពុជាក្នុងស៊ីហ្គេម២០២៣នោះ៕