ចិនត្រៀមលក្ខណៈរួចរាល់ ដើម្បីចងមិត្តភាព ជាមួយអ៊ីតាលី ក្នុងយុគសម័យថ្មី

(បរទេស) ៖ ស្របពេល កំពុងធ្វើដំណើរទស្សនកិច្ច នៅក្នុងប្រទេសមហាអំណាច សេដ្ឋកិច្ចធំបំផុតលំដាប់ទី៣ នៅតំបន់ចាយប្រាក់អឺរ៉ូ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសរសេរថា ប្រទេសចិនបានត្រៀមលក្ខណៈរួចរាល់ ដើម្បីពង្រឹងភាពជាដៃគូ យុទ្ធសាស្ត្រសកល ជាមួយប្រទេសអ៊ីតាលី។

នៅក្នុងអត្ថបទដែលចេញផ្សាយ ដោយកាសែតអ៊ីតាលី Corriere della Sera លោក ស៊ី ជីនពីង បានសរសេរយ៉ាងដូច្នេះថា “ជាមួយគ្នានឹងដំណើរទស្សនកិច្ច របស់ខ្ញុំនេះ ខ្ញុំមានបំណងប្រាថ្នា ចង់កំណត់គោលការណ៍ណែនាំរួមគ្នា ជាមួយ ថ្នាក់ដឹកនាំប្រទេសអ៊ីតាលី សម្រាប់ចំណងមិត្តភាពទ្វេភាគី និងនាំយកពួកវា ចូលទៅក្នុងយុគសម័យថ្មី”។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏បានសរសេរផងដែរថា ប្រទេសចិន និងអ៊ីតាលី អាចនឹងធ្វើការអភិវឌ្ឍ គម្រោងសហប្រតិបត្តិការ នៅក្នុងវិស័យនានា ដូចជា កំពង់ផែ ការដឹកជញ្ជូនតាមកប៉ាល់ ទូរគមនាគមន៍ និងឱសថកម្ម ហើយនិងជំរុញ លើកទឹកចិត្តក្រុមហ៊ុនផ្សេងៗ ឲ្យធ្វើសហការក្នុងប្រទេសទីបី៕