សម្តេចតេជោ ៖ បរទេសហ៊ុមព័ទ្ធសេដ្ឋកិច្ចប្រទេសយើង តែមិនអាចសម្លាប់យើងបានទេ

(ភ្នំពេញ) ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បរទេសបានធ្វើការហ៊ុមព័ទ្ធ សេដ្ឋកិច្ច ប្រទេសកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាពួកគេមិនអាចសម្លាប់កម្ពុជាបានឡើយ ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “រយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ យើងបានខិតខំច្រើនណាស់ ដើម្បីងើបឈរឡើងយ៉ាង លំបាកលំបិន ក្នុងស្ថានភាពដែលគេដាក់ការហ៊ុមព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ច មកលើប្រទេសដ៏កំសត់មួយនេះ” ។

សម្ដេចបន្តថា ប៉ុន្តែការសម្លាប់របស់ពួកគេមិនអាចធ្វើទៅរួច ផ្ទុយទៅវិញបានផ្ដល់ឲ្យនូវក្ដីសង្ឃឹម និងការជឿជាក់ ទើបបានដើរមកដល់ដំណាក់កាលនេះ។

ជាមួយគ្នានេះដែរ សម្តេចបន្ថែមថា គ្មានប្រទេសណាមួយដែលអាចផ្ដល់ជំនួយ ទំនុកបម្រុងឲ្យស៊ីស្រាប់ ដោយមិន ព្រមធ្វើការនោះទេ ដូច្នេះត្រូវយល់ថា កត្ដាខាងក្នុង និងកត្តាខាងក្រៅ ខុសគ្នា គឺកត្ដាខាងក្នុងមានចរិតកំណត់ ជោគជ័យ ឬមិនជោគជ័យ សម្រេចលើកត្ដាខាងក្នុងនេះហើយ ។

សម្ដេចបន្តថា “ចឹងបានជាពេលកន្លងទៅ យើងមានមោទកភាព លើជាតិសាសន៍របស់យើងប្រឹងងើបឈរឡើង រើសបម្រាសចេញពីសង្គ្រាម ។ ចេញពីរបបប្រល័យពូជសាសន៍ ទប់ស្កាត់របបប្រល័យពូជសាសន៍ ហើយខិតខំរួមគ្នា បង្កើតឡើងនូវនយោបាយឈ្នះ ឈ្នះ ដើម្បីនាំមកការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន” ។

សម្ដេចតេជោ ហ៊ុន សែន ឲ្យដឹងទៀតថា កំណើនសេដ្ឋកិច្ចក្នុងរយៈពេល២០ឆ្នាំនេះ គឺមាន៧,៧ភាគរយ នេះមិនមែនជាកំណើន សេដ្ឋកិច្ចធម្មតានោះទេ ។ ជាក់ស្តែងអត្រានៃភាពក្រីក្រពីមុនមាន១០០ភាគរយ តែនៅឆ្នាំ២០០០ អត្រាភាពក្រីក្រធ្លាក់ចុះមកជាង៥៣ភាគរយ ។ បច្ចុប្បន្នទម្លាក់មកនៅប្រមាណជា១០ភាគរយប៉ុណ្ណោះ។

សម្តេចបន្តថា សព្វថ្ងៃកំពុងតែធ្វើជំរឿន និងធ្វើការវាយតម្លៃឲ្យបានច្បាស់ថា តើស្ថានភាពពិតប្រាកដធ្លាក់ប៉ុន្មាន? ៕