ពលរដ្ឋជាច្រើននាំគ្នាទៅទស្សនាព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

(ភ្នំពេញ) ៖ ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅទស្សនាព្រឹត្តិការណ៍ដ៏កម្រដែលព្រះអាទិត្យរះឡើង ចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៩ នេះ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២១ មីនា បានឲ្យដឹងថា នេះជាព្រឹត្តិការណ៍ដ៏កម្រ។

បើតាមការឲ្យដឹងពីលោក អ៊ឹម សុខរិទ្ធ អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ អាជ្ញាធរជាតិអប្សរា បានឲ្យឈ្មោះថា ព្រឹត្តិការណ៍សមរាត្រី (Equinox) ។ ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រីតែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

សមរាត្រីជាវេលាដែលថ្ងៃ និងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះ ពេលថ្ងៃមានរយៈពេលវែងជាងពេលយប់ ហើយខែខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃ ទៅវិញក៏មានដែរ។

ភាពដ៏អស្ចារ្យនេះ បានកើតឡើងនៅអង្គរវត្ត គឺស្របពេលដែលជាពេលវេលាថ្ងៃ និងយប់មានរយៈពេលស្ទើស្មើគ្នាហៅថា សមរាត្រី។ នោះដំណើរផែនដី និងដំណើរព្រះអាទិត្យ ក៏បានរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកនេះផងដែរ ។
តាមរយៈការសង្កេតមើលពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥និង៥០នាទី រហូតដល់ ម៉ោងប្រហែល៧ព្រឹក៕