អត់មេធាវីការពារ…​លើក​ពេល​សវនាការ​សំណុំរឿង​ជួបសម្លាប់​

(​ភ្នំពេញ) ៖ ចៅក្រម​តុលាការ​កំពូល​ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា បាន​សម្រេច​លើក​ពេលជំនុំជម្រះ​បណ្តឹង​សាទុក្ខ​របស់​ជនជាប់ ចោទ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ ដែលត្រូវ​បាន​នាំ​ចូល​សវនាការ តែ​ដោយ​គ្មាន​មេធាវី​ការពារ​ជនជាប់ចោទ តុលាការ​ក៏​សម្រេច​លើក​ពេល​ទៅ​ធ្វើ​នៅ​ថ្ងៃក្រោយ​ដោយ​មិន​ទាន់​កំណត់ ​។ ជនជាប់ចោទ ត្រូវ​បាន​តុលាការ​ថ្នាក់​ក្រោម​កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ​ឧសភា ឆ្នាំ​២០១៨ ចៅក្រម​សាលាឧទ្ធរណ៍​បាន​សម្រេច​ប្រកាស​សាល​ដីកា តម្កល់​ទោស​ជនជាប់ចោទ អឿ​ត អាង ហៅ ជួប សម្លាប់ ដោយផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ និង​បទកាន់​កាប់​អាវុធ​ដោយ​ខុសច្បាប់ ករណី​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ។ ដោយ​ជនជាប់ចោទ​មិន​សុខចិត្ត ក៏​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការ​សម្រេច​នេះ តែ​សាលាឧទ្ធរណ៍​បាន​តម្កល់​ការ​សម្រេច​របស់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ដដែល ទើប​ជនជាប់ចោទ​បន្ត​ប្តឹង​សាទុក្ខ ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ លោក លាង សំណាត់ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ អឿ​ត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនា​គារ​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រា​២០០​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទ កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ ។

នៅ​ពេល​សវនាការ​កាលពី​ថ្ងៃ​ទី​១ ខែមីនា​ឆ្នាំ​២០១៧​ ជនជាប់​ចោទ​​ឈ្មោះ អឿ​ត អាង​ហៅ ជួប សម្លាប់ បាន​សារភាព​ថា ខ្លួន​ជាអ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយសារ​ខឹង​លោក កែម ឡី ជំពាក់​ប្រាក់​មិន​សង ហើយ​អះអាង​ថា គ្មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ឃាតកម្ម​នេះ​ទេ ។ ប៉ុន្តែ​ការ​អះអាង​នេះ គ្មាន​អ្នក​ណា​ជឿ​ឡើយ និង​គ្មាន​អ្វី​មក​បញ្ជាក់​ជា​ភ័ស្តុតាង​ដល់​តុលាការ​ផង ។

បន្ទាប់​ពី​មាន​អំពើ​ឃាតកម្ម ភ្លាម​ៗ​នោះ​ជនឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ អាយុ​៣៨​ឆ្នាំ បាន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​សង្ស័យ​ថា​ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ស្តា​រ៍​ម៉ា​តនៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ស្ថិត​នៅ​កាច់ជ្រុង​មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ៕ ​