ពន្លឺពណ៌មាសជះលើកំពូលប្រាសាទអង្គរវត្ត​ ធ្វើឲ្យអ្នកទស្សនាជាច្រើនពាន់នាក់ ​ស្ងើចសរសើរមិនដាច់ពីមាត់​

(សៀមរាប)៖ ព្រឹត្តិការណ៍សមរាត្រី (Equinox) រដូវប្រាំង (Vernal Equinox) បានបង្ហាញវត្តមានដ៏ត្រចះត្រចង់នៃដួងព្រះអាទិត្យរះចំកណ្តាលប្រាង្គប្រាសាទអង្គរវត្ត បង្កើតបាននូវទស្សនីយភាពពណ៌មាសដ៏ស្រស់ត្រកាលទាក់ទាញចិត្តអ្នកទស្សនាជាតិ-អន្តរជាតិជាច្រើនពាន់នាក់ នាវេលាម៉ោង៦៖ ៣០នាទីព្រឹក ថ្ងៃទី២១ ខែមីនានេះ។

អាជ្ញាធរជាតិអប្សរា បានអះអាងថា ថ្វីត្បិតតែព្រះអាទិត្យមិនរះចំកណ្តាលប្រាង្គប្រាសាទអង្គរវត្តពេញលក្ខណៈ តែព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានធ្វើឱ្យអ្នកទស្សនាដោយផ្ទាល់ស្ងើចសរសើរមិនដាច់ពីមាត់ នូវភាពស្រស់ស្អាតនៃធម្មជាតិជះពន្លឺមាសមកលើ​កំពូល​ប្រាសាទអង្គរវត្ត។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕