សហភាពអឺរ៉ុប ​អំពាវនាវ​ឲ្យ​សមាជិក ការពារ​ទីផ្សារ​សាធារណៈ ទប់​ចិន​កុំឲ្យ​វាយលុកចូល

បរទេស៖ ប្រឈមមុខនឹងការវាយលុកកាន់តែខ្លាំង ពីការហូរចូលផលិតផលក៏ដូចជា​ទឹកប្រាក់វិនិយោគ ពីប្រទេសចិន សហភាពអឺរ៉ុប បានអំពាវនាវទៅកាន់ប្រទេស ជាសមាជិកខ្លួនទាំងអស់​ថា ត្រូវ​ប្រើ​យុទ្ធសាស្ត្រនៃការដេញថ្លៃយកទីផ្សារសាធារណៈ ជាអាវុធ ដើម្បីទប់ទល់ជាមួយ​នឹងការវាយលុកចូលរបស់ចិន មកក្នុងទីផ្សារអឺរ៉ុប ។​

សហភាពអឺរ៉ុប យល់ឃើញថា ការដែលចិនបន្តបិទទីផ្សារខ្លួន មិនទទួលក្រុមហ៊ុនបរទេស គឺជារឿងមិនអាចទទួលយកបានទៀតឡើយ ដូច្នេះ ត្រូវតែមានវិធានការតបវិញ ។ យោងតាមឯកសាររបស់គណកម្មការអឺរ៉ុប គឺអឺរ៉ុបអាចមានសិទ្ធិហាមឃាត់នូវការចូលរួមរបស់ក្រុមហ៊ុនបរទេសណាមួយ មិនឲ្យចូលក្នុងទីផ្សារសាធារណៈអឺរ៉ុប បើសិនប្រទេសនោះ បានអនុវត្តនូវវិធានការរើសអើងចំពោះក្រុមហ៊ុនអឺរ៉ុប ។ ដោយមិនបញ្ជាក់ថា ប្រទេសណាទេ តែវាប្រាកដណាស់ ថាសហភាពអឺរ៉ុប សំដៅទៅដល់ចិន ។

បើតាមប្រភពពីមន្ត្រីរបស់គណកម្មការអឺរ៉ុប ប្រចាំនៅទីក្រុងប្រូសសែល បានឲ្យដឹងថា សហភាព​​អឺរ៉ុបនឹងស្នើទៅកាន់ប្រទេសសមាជិកទាំងអស់ នៅក្នុងកិច្ចប្រជុំកំពូល ដែល​​ចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនានេះ ដោយអំពាវនាវឲ្យសមាជិកទាំងអស់ មានការប្រុងប្រយត្ន័ ហើយ​ត្រូវ​ចាត់វិធានការឲ្យបានហ្មត់ចត់ ដើម្បីទប់ទល់ទៅនឹងការវាយលុកចូល​របស់​ចិន មកក្នុងសេដ្ឋកិច្ចអឺរ៉ុប ។

លោក Jyrki Katainen អនុប្រធាននៃគណកម្មការអឺរ៉ុប បានគូសបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន Reuters ថា ពីមុនចិនបិទទីផ្សាររបស់ខ្លួន មិនឲ្យក្រុមហ៊ុនអឺរ៉ុបចូល ដោយអះអាង​ថា ដោយសារសេដ្ឋកិច្ចខ្លួននៅមានកំរិត ហើយត្រូវការការពារក្រុមហ៊ុនជាតិខ្លួន ឲ្យមានការអភិវឌ្ឍរឹងដៃរឹងជើងសិន ។ ប៉ុន្តែបច្ចុប្បន្ននេះ ចិនមិនអាចយកអំណះអំណាងនេះ មកធ្វើ​ជាលេសបានទៀតទេ ព្រោះវាលែងមានសុពលភាពហើយ ។ ចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក មានការសម្រុកវិនិយោគគ្រប់ទីកន្លែងទូទាំងពិភពលោក ដូច្នេះចិនត្រូវតែបើកទីផ្សាររបស់ខ្លួនដូចគេដូចឯង ។

គួរកត់សំគាល់ថា ទីផ្សារសាធារណៈនៅទូទាំងសហភាព​អឺរ៉ុប ក្នុងមួយឆ្នាំមានតម្លៃសរុបប្រមាណ ​២៤០ ម៉ឺនលានអឺរ៉ូ ។ កាលពីចុងឆ្នាំ២០១៨ សហភាពអឺរ៉ុប បានអនុម័តនូវ​យន្តការសំណាញ់ ដើម្បីចំរាញ់ពិនិត្យលើការបោះទុនវិនិយោគពីបរទេស នៅក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាជាន់ខ្ពស់ ដែលសុទ្ធសឹង​តែ​ជា​វិស័យ​យុទ្ធសាស្ត្រ ។

យន្តការសំណាញ់នេះ គឺដើម្បីទប់ស្កាត់ការហក់ចូលរបស់អ្នកវិនិយោគចិន ដែលអ្នកជំនាញនៅអឺរ៉ុប យល់ឃើញថា មិនសូវមានតម្លាភាព ហើយជាអ្នកវិនិយោគដែលមានទំនាក់ទំនងយ៉ាងជិតស្និទ ជាមួយរដ្ឋចិន ។ (Reuters ថ្ងៃទី២១ ខែមីនា)