អាមេរិកនៅតែព្រួយបារម្ភ អំពីភាពតានតឹងរវាង ឥណ្ឌា និងប៉ាគីស្ថាន

បរទេស៖ មន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ បាននិយាយកាលពីថ្ងៃពុធ ទី២០ ខែមីនាថា សហរដ្ឋអាមេរិក នៅតែមានការព្រួយបារម្ភអំពីភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន ខណៈដែលកងយោធារបស់ប្រទេស ដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ នៅតែស្ថិតក្នុងភាពប្រុងជើងការ ទោះបីជាមានភាពធូរស្រាលខ្លះ នៅក្នុងតំបន់ក៏ដោយ ។

មន្ត្រីរូបនេះបានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា “យើងនៅតែមើលឃើញពួកយោធា ស្ថិតក្នុងភាពប្រុងជើងការ ដូច្នេះយើងដឹងថានៅទីនោះនឹងក្លាយជាការវាយប្រហារ ភេរវកម្មមួយផ្សេងទៀត បន្ទាប់មកអ្នកអាចមើលឃើញការកើនឡើង ភាពតានតឹងជាថ្មីម្តងទៀត” ។ ភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាននៅតំបន់កាស្មៀរ ដែលប្រទេសទាំងពីរ ប្រកាសជាកម្មសិទ្ធិរបស់ខ្លួននោះ ជាចំណុចក្តៅប្រកបដោយគ្រោះថ្នាក់បំផុតមួយក្នុងពិភពលោក ។

ជម្លោះបានផ្ទុះឡើងកាលពីចុងខែកុម្ភៈកន្លងទៅ នៅពេលយន្តហោះចម្បាំងឥណ្ឌា និងប៉ាគីស្ថាន បានប្រយុទ្ធគ្នានៅកាស្មៀរ កាលពីថ្ងៃទី27 ខែកុម្ភៈជាថ្ងៃមួយបន្ទាប់ពីការវាយឆ្មក់ ដោយយន្តហោះឥណ្ឌា នៅលើអ្វីដែលខ្លួនបាននិយាយថា ជាជំរុំរបស់សកម្មជននៅប៉ាគីស្ថាន ។ ទីក្រុងអ៊ីស្លាមបាដ បានបដិសេធថា គ្មានជំរុំពួកជីវពលណាមួយ នៅក្នុងតំបន់នោះទេ ហើយបាននិយាយថា គ្រាប់បែកឥណ្ឌាបានផ្ទុះនៅលើភ្នំទេ ។

នៅក្នុងការប៉ះទង្គិចគ្នាជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីសង្រ្គាមចុងក្រោយរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ 1971 ប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះឥណ្ឌាមួយ និងបានចាប់យកអាកាសយានិករបស់ឥណ្ឌាម្នាក់ ។ (News Asia ថ្ងៃទី២១ ខែមីនា)