ប្រធានាធិបតីកាហ្សាក់ស្ថាន លាលែង​ពី​តំណែង​ ក្រោយ​៣០ឆ្នាំ​នៅក្នុង​អំណាច

បរទេស៖ កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា លោក ណាហ្សា បៃយ៉េវ ប្រធានាធិបតីប្រទេស កាហ្សាក់ស្ថាន បានប្រកាសតាមកញ្ចក់ទូរទស្សន៍ប្រកបដោយភាពភ្ញាក់ផ្អើល អំពីការលាលែងពីតំណែង យ៉ាងទាន់ហន់ ចាប់ពីថ្ងៃពុធ ទី២០ ខែមីនា​តទៅ ។

ក្នុងវ័យ ៧៨ឆ្នាំ លោក ណាហ្សា បៃយ៉េវ បានកាន់មុខតំណែងនេះ អស់រយៈពេល៣០ឆ្នាំហើយ បានដឹកនាំប្រទេស កាហ្សាក់ស្ថាន ឲ្យក្លាយជាមហាអំណាចប្រេងកាត​មួយដ៏សំខាន់ ក្នុងតំបន់អាស៊ីកណ្តាល ។ តើលោក ណាហ្សា បៃយ៉េវ ពិតជាមានបំណងចូលនិវត្តន៍ ហើយ​លាឈប់ពីការធ្វើនយោ​បាយប្រាកដមែន ឬមួយក៏មានហេតុផលអ្វីផ្សេង នៅពីក្រោយការលាលែងពីតំណែងនេះ? ។ អ្នកកាសែតម្នាក់ ធ្វើការនៅវិទ្យុជាតិ កាហ្សាក់ស្ថាន បានអះអាងថា សូម្បីតែវិទ្យុជាតិ ក៏គេពុំបានឲ្យដំណឹងមុនដែរ ។

កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា នៅក្នុងវីដេអូ ដែលគេចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ លោក នួរស៊ុលតង់ ណាហ្សាបៃយ៉េវ (Noursoultan Nazarbaïev) បានប្រកាសថា លោកនឹងលាឈប់​ពីតំណែងប្រធានាធិបតី ចាប់ពីថ្ងៃទី​២០ខែមីនាតទៅ ។​ ក្នុងវីដេអូ លោក ណាហ្សា បៃយ៉េវ បាននិយាយថា ក្នុងពេលរង់ចាំការបោះឆ្នោតប្រធានាធិបតី​ថ្មី តំណែងប្រធានាធិបតីនឹងត្រូវដឹកនាំជាបណ្តោះអាសន្ន ដោយលោក Kassym Jomart Takaïev ដែលជា​ប្រធានព្រឹទ្ធសភា ។

សូមរំលឹកថា លោក ណាហ្សា បៃយ៉េវ បានដឹកនាំប្រទេស កាហ្សាក់ស្ថាន ក្នុងឆ្នាំ១៩៨៩ ក្នុងនាមលោកជាអគ្គលេខាធិការ​ គណបក្សកុម្មុយនីស្ត កាហ្សាក់ស្ថាន ។ កាលនោះ កាហ្សាក់ស្ថាន គឺជារដ្ឋចំណុះរបស់សហភាពសូវៀត ។

ក្រោយពេលសហភាពសូវៀត​ដួល​រលំទៅ លោក ណាហ្សា បៃយ៉េវ បានបន្តដឹកនាំប្រទេស ពីមួយអាណត្តិទៅមួយអាណត្តិ ដោយបានឈ្នះឆ្នោតរាល់អាណត្តិ ដោយគ្មានគូរប្រជែងឡើយ ។ មួយអាណត្តិ ទៅមួយអាណត្តិ អតីតមេដឹកនៃកុម្មុយនីស្តរូបនេះ បានពង្រឹងអំណាចក្នុងដៃយ៉ាងណែន ។ ការផ្ទេរអំណាចទៅឲ្យសភា ឬព្រឹទ្ធសភា គឺមានតិចបំផុត ពោលគឺប្រធានាធិបតី មានអំណាចប្រមូលផ្តុំសឹងតែទាំងអស់នៅក្នុងដៃ ។ ដូច្នេះហើយ បានជាការប្រកាសលាលែងចេញពីតំណែង យ៉ាងទាន់ហន់បែបនេះ គឺវាជារឿងមួយភ្ញាក់ផ្អើលខ្លាំងណាស់ ។

– រក្សាតំណែងសមាជិកក្រុមប្រឹក្សាសន្តិសុខជាតិ អស់មួយជីវិត
កាលពីខែកក្កដា ឆ្នាំ២០១៨ លោក ណាហ្សា បៃយ៉េវ បានអ​នុម័តក្រឹត្យមួយ ដែលបានបើកផ្លូវឲ្យ​ប្រធានាធិបតី ក្លាយ​ជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខជាតិ ​អស់មួយជីវិត ។ ដូច្នេះមានន័យថា លោក ណាហ្សា បៃយ៉េវ មិនទៅណាឆ្ងាយពីនយោបាយដឹកនាំប្រទេសទេ បើទោះបីជាលោកលាលែងពីតំណែង ឈប់ធ្វើប្រធានាធិបតីក៏ដោយ ។ ក្រុមប្រឹក្សាសន្តិសុខជាតិ កាហ្សាក់ស្ថាន គឺជាអង្គភាពមួយដ៏មានឥទ្ធិពលបំផុត ។ ក្នុងនាមជាសមាជិកអស់មួយជីវិត គឺលោក ណាហ្សា បៃយ៉េវ នឹងប្រើឥទ្ធិពល នៅក្នុងក្របខណ្ឌរបស់ក្រុមប្រឹក្សានេះ ហើយដែលវានឹងជះឥទ្ធិពលដោយផ្ទាល់ ទៅលើគោលនយោបាយដឹកនាំប្រទេស សម្រាប់រដ្ឋាភិបាលថ្មី ។ បន្ថែមពីនេះទៀត លោក ណាហ្សា បៃយ៉េវ មានងារជា “បិតាជាតិ​” ។ ងារនេះ នឹងផ្តល់អភ័យឯកសិទ្ធិពិសេស គ្មាននរណាអាចរំលោភបំពានបានឡើយ ។ យ៉ាងណាមិញ កាលពីថ្ងៃពុធ ទី២០ ខែមីនា ប្រធានាធិបតីស្តីទី ដែលទើបចូលកាន់តំណែង ប្រកាសប្តូរឈ្មោះរដ្ឋធានី Astana ទៅជារដ្ឋធានី ណាហ្សា បៃយ៉េវ ថែមទៀត​ផង ។ ជាការបង្ហាញ ទាំងឥទ្ធិពលនយោបាយ ទាំងអភ័យឯកសិទ្ធិ គឺ លោក ណាហ្សា បៃយ៉េវ នៅតែបន្តមាន ។

– ពង្រឹងអំណាចក្រុមគ្រួសារ និងបក្សពួក
លោក Moukthar Abliazov អ្នកជំនួញ និងជាអតតីសកម្មជនប្រឆាំង ចេញមុខជាងគេ នៅកាហ្សាក់ស្ថាន ហើយដែលបច្ចុប្បន្ន បានភៀសខ្លួនមកនៅប្រទេសបារាំង បានលើកឡើងថា តាមពិតទៅយុទ្ធសាស្ត្ររបស់ លោកប្រធានាធិតី ណាហ្សា បៃយ៉េវ គឺធ្វើយ៉ាងម៉េច ប្រមូលអំណាចឲ្យស្ថិតនៅក្នុងដៃក្រុមគ្រួសារ និងបក្សពួកគាត់ មុននឹងផ្ទេរអំណាច បន្តទៅឲ្យមនុស្សក្នុងគ្រួសារគាត់ ។ ជាក់ស្តែងនៅថ្ងៃទី២០ ខែមីនា​ ក្រោយលាចេញពីតំណែងភ្លាម ប្រធានព្រឹទ្ធ​សភា ដែលជាមនុស្សស្និទនឹងលោក ណាហ្សា បៃយ៉េវ ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី ។​ ចំណែកកៅអីប្រធានសភា ត្រូវបានប្រគល់ទៅឲ្យលោកស្រី Dariga Nazarbaïeva ដែលជាកូនស្រីរបស់ លោក ណាហ្សា បៃយ៉េវ ផ្ទាល់តែម្តង ។ បើតាមការយល់ឃើញ របស់លោក Moukthar Abliazov គឺកូនស្រីរបស់លោក ​ណាហ្សា​ បៃយ៉េវ ប្រាកដជានឹងឈរឈ្មោះជាប្រធានធិបតី ក្នុងពេលបោះឆ្នោតអាណត្តិក្រោយជាមិនខាន ។

– ត្រួសត្រាយផ្លូវ ដើម្បីធ្វើការផ្ទេរអំណាចដោយរលូន ទាន់នៅមានជីវិត
មានអ្នកវិភាគជាច្រើនបានលើកឡើងថា ការសម្រេចលាលែងពីតំណែងនេះ គឺជាផ្នែកមួយនៃការផ្ទេរអំណាច តាមសម្រួល ដើម្បីរៀបចំត្រួសត្រាយផ្លូវ ជៀសវាងកើតមានបញ្ហាអស្ថិរភាពណាមួយទៅថ្ងៃមុខ ក្នុងករណីដែល ណាហ្សា បៃយ៉េវ ទទួលមរណៈភាព​ ។ កាហ្សាក់ស្ថាន បានរៀនសូត្របទពិសោធន៍ខ្លះនៃប្រទេសជិតខាង គឺប្រទេស អ៊ូសបេកគីស្ថាន ដែល ប្រធានាធិបតីប្រទេសនេះបានស្លាប់នៅឆ្នាំ២០១៦ ទាំងដោយមិនបានត្រៀមរៀបចំការផ្ទេរអំណាចបន្ត ។​ បញ្ហានេះគឺបានធ្វើឲ្យមានភាពរំជើបរំជួលនយោបាយ ហើយក្រុមគ្រួសាររបស់ប្រធានាធិបតីដែលស្លាប់ទៅនោះ ក៏ផុតដៃផុតជើង មិនមានអ្វីតោង ដោយសារតែមិនបានពង្រឹកអំណាច​ទុក​ជាមុន ។ បើតាមការវិភាគ អាចមានមនុស្ស៣នាក់ ដែលអាចមកប្រជែង កៅអីប្រធានាធិបតី កាហ្សាក់ស្ថាន ក្នុងការបោះឆ្នោតក្នុងឆ្នាំ២០២០ខាងមុខ ទីមួយ គឺលោកAskar Mamine នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ម្នាក់ទៀត គឺលោក Kassym Jomart Takaïev អតីតប្រធានព្រឹទ្ធសភា ។ លោក Kassym Jomart Takaïev មានបទពិសោធន៍ ការបរទេស លើឆាកអន្តរជាតិ ដោយធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេស ហើយធ្លាប់ធ្វើការនៅអង្គការសហប្រជាជាតិ ។ គាត់ទើបតែត្រូវបានលោក ណាហ្សា បៃយ៉េវ តែងតាំងឲ្យធ្វើជាប្រធានាធិបតីស្តីទី ។​ តែយ៉ាងណា គាត់ត្រូវបាន​គេលើកមកបន្តុបមួយភ្លែត ដើម្បីលួងចិត្ត រី​ឯតួឯកពិតប្រាកដ គឺអាចជាកូនស្រីរបស់ លោក ណាហ្សា បៃយ៉េវ ឯណោះ ទៅវិញទេ ។ (Reuters ថ្ងៃទី២១ ខែមីនា)