លិខិតមិត្តអ្នកអាន៖ « សមត្ថភាពពិសេស របស់ លោក ហ៊ុន សែន ស្តែងឡើងក្នុងបរិបទ កូវីដ-១៩! »

(ភ្នំពេញ): ម្តងហើយម្តងទៀត លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីសមត្ថភាពពិសេសៗ របស់ខ្លួនក្នុងការគ្រប់គ្រង ចាត់ចែងនិង ដឹកនាំប្រទេសក្នុងកាលៈទេសៈដ៏លំបាកណាមួយដែលបានកើតឡើង។
ជាក់ស្តែង ក្នុងដំណាក់កាលកូវីដ-១៩ នេះ មេដឹកនាំរបស់កម្ពុជា ដ៏មានបទពិសោធន៍រូប នេះបាន បញ្ចេញទេពកោសល្យដ៏ ប៉ិនប្រសប់ជាបន្តបន្ទាប់។

ក្រៅពីបញ្ចៀសការឆ្លង
រីក រាលដាលនៃកូវីដ-១៩ ក្នុងសហគមន៍ និងបញ្ចៀសមិនឲ្យមានណាម្នាក់ស្លាប់ដោយសារកូវីដ-១៩ លោក ហ៊ុន សែន ក៏បាន«បង្ហាញទេពកោសល្យពិសេសរបស់ខ្លួន» ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ និងប្រជាជនដើម្បីកុំឲ្យរងផល ប៉ះពាល់ខ្លាំងពីវិបត្តិសាកលមួយ នេះថែមទៀត។

ទោះបីជាកម្ពុជាទទួលរងផល ប៉ះពាល់ពីវិស័យទេសចរណ៍, វិស័យឧស្សាហ៍កម្ម និងវិស័យពាណិជ្ជកម្មមួយចំនួនដោយ សារតែកូវីដ-១៩ ប៉ុន្តែ មេដឹកនាំកម្ពុជា រូបនេះកំពុងបង្វែរទិសដៅទៅរក វិស័យកសិកម្មដែលជាជីពចរដ៏ សំខាន់សម្រាប់ចិញ្ចឹមសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារខ្មែរ ក្នុងពេលមានវិបត្តិ។
ចាប់តាំងពីការផ្ទុះកូវីដដំបូងមកម៉្លេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្លឹងឃើញរួច ជាស្រេចនូវការខូចខាតសេដ្ឋកិច្ចរបស់ពិភពលោកដោយសារ មេរោគដ៏កាចសាហាវនេះ។ ដូច្នេះហើយបានជាមេដឹកនាំកម្ពុជាបានបង្ហាញទស្សនៈវិស័យតាំងពីដំបូងទីថា «វិស័យកសិកម្មគឺជាប្រភពរស់មិនចេះរីងស្ងួតរបស់ប្រជាពលរដ្ឋខ្មែរ»ដោយបានតម្រង់ទិសរួចជាស្រេចឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នក វិលត្រឡប់ពីចំណាកស្រុក និងអ្នកដែលរងផលប៉ះពាល់ពីវិស័យផ្សេងៗឲ្យផ្តោតលើវិស័យកសិកម្មវិញ។

ក្រោយពីការបង្ហាញផ្លូវ ចង្អុលទិសពីសំណាក់មេកម្ពុជាដឹកនាំ ប្រជាពលរដ្ឋខ្មែរជាច្រើនក៏បានងាកទៅរកវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម និងដំណាំបន្លែគ្រប់ប្រភេទ។
ដោយយល់ឃើញថា ពលរដ្ឋកំពុងមានការចាប់អារម្មណ៍ខ្លាំងឡើងៗ លោកនាយករដ្ឋមន្ត្រី ក៏បានចុះជំរុញវិស័យកសិកម្មដោយផ្ទាល់ជាមួយកសិករដោយផ្តើមពីការជំរុញវិស័យវារីវប្បកម្មក្នុងខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី ១៤ កក្កដានេះ។

ដើម្បីជំរុញវិស័យនេះ លោកហ៊ុន សែន បានចុះទៅជួបជាមួយកសិករអ្នកចិញ្ចឹមត្រីនិងចិញ្ចឹមកង្កែបដោយផ្ទាល់ដើម្បីស្វែងយល់ពីបញ្ហារបស់ពួកគេ មុននឹងដាក់ចេញជាដំណោះ ស្រាយឲ្យចំគោលដៅ។ នេះគឺជាភាពឆ្លាតវៃរបស់មេដឹកនាំដែលមិនរង់ចាំស្តាប់
តែរបាយការណ៍ឡើយ ប៉ុន្តែត្រូវចុះជួបផ្ទាល់ជាមួយពលរដ្ឋដើម្បីយល់ឲ្យបានច្បាស់ពីបញ្ហារបស់ពួកគេទើបការដាក់ចេញដំណោះស្រាយមានប្រសិទ្ធភាពដូចដែលលោកធ្លាប់បានធ្វើជា យូរមកហើយ។

ថ្ងៃទី ២១ កក្កដា ខាងមុខនេះ លោកនាយករដ្ឋមន្ត្រីក៏គ្រោងនឹងចុះទៅស្រុកព្រៃកប្បាសនៃខេត្តតាកែវដើម្បីច្រូតស្រូវស្រាលផងនិងជាពិសេសបន្តជំរុញការដាំដុះស្រូវនិងដំណាំកសិកម្មផ្សេងទៀត។

វត្តមានរបស់មេដឹកនាំកំពូលជាមួយកសិករនាពេលនេះ ពិតជាបានបង្ហាញថា យុទ្ធនាការជំរុញវិស័យកសិកម្មក្នុងបរិបទ
កូវីដ19 បានចាប់ផ្តើមហើយ។ យុទ្ធនាការនេះនឹងក្លាយជា ចលករដ៏មានថាមពលក្នុងការដោះស្រាយបញ្ហាចំពោះមុខផង និងបញ្ហាយូរអង្វែងផងសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។

អ្វីជាការកត់សម្គាល់មុនឈានដល់យុទ្ធនាការនេះ លោក នាយករដ្ឋមន្ត្រីក៏បានចង្អុលទិស ប្រាប់មុនរួចជាស្រេចដើម្បីឲ្យពលរដ្ឋចាប់អារម្មណ៍លើវិស័យកសិកម្ម ក៏ដូចជាការផ្ញើសារដល់មន្ត្រីថ្នាក់ក្រោមឲ្យត្រៀម លក្ខណៈជាស្រេចដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដោយផ្តោតលើវិស័យកសិកម្ម។ ការដឹកនាំដែលតែងតែគ្រោងទុក ជាមុននិងមានផែនការ យុទ្ធសាស្ត្រត្រឹមត្រូវ ចំទិសដៅ និងទាន់សភាពការណ៍នេះហើយគឺជាចំណុចខ្លាំងរបស់លោក
ហ៊ុន សែន ជាពិសេសគឺការ ប្រែក្លាយបញ្ហាឲ្យទៅជាឱកាស។

ក្នុងគោលដៅនេះ វិបត្តិកូវីដ~១៩ បានក្លាយជាឱកាសដែលកម្ពុជា កំពុងបង្កើនការនាំផលិតផលកសិកម្មទៅលក់នៅក្រៅប្រទេសយ៉ាងច្រើនទៀតផង។ នេះគឺជាទស្សនៈវិស័យរបស់លោក ហ៊ុន សែន ដែលស័ក្តិសមនឹងទទួលរហ័សនាមថា ជា«បុរសខ្លាំងរបស់កម្ពុជា»។

ជាការពិត ចាប់តាំងពីវិបត្តិកូវីដ១៩ផ្ទុះឡើងភ្លាម លោក នាយករដ្ឋមន្ត្រីរូបនេះហាក់ក្តាប់បានសភាពការណ៍យ៉ាងណែនក្នុងដៃ ហើយដោះស្រាយ
តាមដំណាក់កាលនីមួយៗដោយ មិនតក់ស្លុត មិនតក់ក្រហល់ ស្របតាមការវិវត្តន៍របស់កូវីដ ១៩ ដោយរលូន។ ភាពឈ្លាសវៃនេះហើយដែលរហូតមកដល់ពេល នេះ កម្ពុជាអាចបញ្ចៀសបានទាំងការឆ្លងរាលដាល ទាំងការ
ស្លាប់បាត់បង់ជីវិតមនុស្ស និងទាំងការរងគ្រោះធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច។

តើមានមេដឹកនាំពិភពលោក ប៉ុន្មាននាក់ដែលអាចទប់ទល់បាន បែបនេះ? ចម្លើយតបនឹងសំណួរ នេះគឺជាទឡ្ហីករណ៍ដែលបញ្ជាក់ បានពី «ទេពកោសល្យនិង
សមត្ថភាពពិសេសរបស់លោក ហ៊ុន សែន »។
ដោយ : អ្នកនយោបាយតុកាហ្វេ