កីឡាវាយកូនគោល នឹងបើកអោយមានការប្រកួតឡើងវិញ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាវាយកូនគោល ឬការប្រកួតដណ្តើមពានរង្វាន់កីឡាវាយកូនគោល ដែលកន្លងមកបានផ្អាកដំណើរការនោះ ពេលនេះត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យរៀបចំការប្រកួតវិញហើយ ប៉ុន្តែត្រូវរក្សាគោលការណ៍ការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលចុះហត្ថលេខាដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៣ខែកក្កដានោះបានឱ្យដឹងថា ម្ចាស់និងអ្នកគ្រប់គ្រងទីលានវាយកូនគោល អាចរៀបចំជាព្រឹត្តិការណ៍ ឬការប្រកួតដណ្តើមពានរង្វាន់កីឡាវាយកូនគោលឡើងវិញជាជំហានៗ ប៉ុន្តែមិនអនុញ្ញាតឱ្យមានចំនួនកីឡាករ និងគណៈកម្មការរៀបចំការប្រកួតច្រើនលើសពី១០០នាក់ ក្នុងពេលតែមួយ និងមិនអនុញ្ញាតឱ្យមានទស្សនិកជន ចូលទស្សនានោះឡើយ ។

ជាមួយគ្នានេះ រាល់ការរៀបចំព្រឹត្តិការណ៍ និងការប្រកួតត្រូវគោរពតាមនិយាមបច្ចេកទេស ដើម្បីធានាសុវត្ថិភាព ដូចជាបាញ់ទឹកអាល់កុលសម្លាប់មេរោគនៅច្រកចូល និងត្រួតពិនិត្យកម្តៅបុគ្គលិកបម្រើការ កីឡាករ មុនអនុញ្ញាតឱ្យចូលក្នុងបរិវេណទីលានវាយកូនគោល និងត្រូវរក្សាគម្លាតសុវត្ថិភាព ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងតិច១,៥០ម៉ែត្រ និងធ្វើការសម្អាតសម្ភារៈឧបករណ៍វាយកូនគោលទាំងអស់ជាមួយទឹកអាល់កុលជាប្រចាំ មុន អំឡុងពេល និងក្រោយពេលប្រើប្រាស់ ដើម្បីសម្លាប់មេរោគ និងហាមចាប់ដៃស្វាគមន៍ ដោយជំនួសការលើកដៃសំពះគ្នាទៅវិញទៅមក។

ក្រសួងទេសចរណ៍ ក៏បានណែនាំឱ្យបុគ្គលិកបម្រើការទាំងអស់ ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា និងធ្វើការត្រួតពិនិត្យ ជូតសម្អាតសម្ភារៈឧបករណ៍វាយកូនគោលទាំងអស់ជាមួយទឹកអាល់កុល មុនពេលដាក់ចូលទៅក្នុងរថយន្តវាយកូនគោល (Golf Cart)។ក្រសួងទេសចរណ៍ បានបញ្ជាក់ថា រាល់ទីលានវាយកូនគោល ត្រូវអនុវត្តតាមវិធាន និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ រលកទី២៕ ដោយ៖ កូនដូច(Micheal)