លម្អិត​អំពី​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ ដែល​យានយន្ត​អាច​បើក​ដល់​ល្បឿន ១២០គីឡូម៉ែត្រ​ក្នុង​១ម៉ោង

(ភ្នំពេញ)៖ ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ ដោយ​តភ្ជាប់​ពី​ភូមិទី១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដល់ភូមិ​ទី១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ពោលគឺ​ឆ្លងកាត់​រាជធានី​ភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្ត​កណ្តាល (ប្រវែង ៩,១០គ.ម) ខេត្ត​កំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្ត​កោះកុង (ប្រវែង ១,៩២គ.ម) និង​ខេត្ត​ព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម)។ ផ្លូវនេះ ​ស្ថិតនៅ​​ខាងស្តាំ​ដៃ​​ផ្លូវជាតិ​​លេខ៤​ ​និង​​សាងសង់​​ស្របគ្នា​​នឹង​ផ្លូវជាតិ​​នេះ​ ​រហូត​ជិតដល់​ទីរួមខេត្ត​កំពង់ស្ពឺ​ ​ទើប​ផ្លូវ​នេះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤​ ​ងាក​មក​ខាងឆ្វេង​ដៃ​វិញ​ ​ហើយ​បន្ត​រហូតដល់​ស្រុក​ព្រៃនប់​ ​ទើប​ផ្លូវ​នេះ​ងាក​មក​ស្តាំ​ដៃ​ ​រហូតដល់​មាត់សមុទ្រ​នៃ​ក្រុង​ព្រះសីហនុ។
ផ្លូវនេះ​មាន​ទទឹង​តួ​សរុប ២៤,៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ ចែក​ជា ៤​គន្លង (២គន្លងទៅ ២គន្លង​មក) ហើយ​គន្លងនីមួយៗ​មានទទឹង ៣,៧៥​ម៉ែត្រ ដែល​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​រហូត​ដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុង​មួយម៉ោង។
ផ្លូវ​ល្បឿនលឿន​នេះ៖

-មាន​រៀបចំ​ខឿន​សួន​ចែក​ទិស​ចរាចរណ៍​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ

-សាងសង់​លូ​គ្រប់ប្រភេទ​ចំនួន ២៦៣​កន្លែង

-ស្ពានតូច​ចំនួន ៥​កន្លែង (ប្រវែង​សរុប ១០៥​ម៉ែត្រ) ស្ពាន​ធំ និងស្ពាន​មធ្យម​ចំនួន ៨០​កន្លែង (ប្រវែង​សរុប ៦០១៥​ម៉ែត្រ)

-​សាងសង់​ផ្លូវប្តូរ​ទិស​ចរាចរណ៍​ចំនួន ៦​កន្លែង

-ផ្លូវប្រសព្វ​ចំនួន ២៨​កន្លែង

-ផ្លូវ​ក្រោមផ្លូវ​ល្បឿនលឿន​ចំនួន ២៣៧​កន្លែង និង​ស្ពាន​រំលង​ផ្លូវ​ចំនួន ២០​កន្លែង

-សាងសង់​តំបន់​សេវាកម្ម (ចំណត​ឈប់​សម្រាក) ចំនួន ៣​កន្លែង ចំណត​រថយន្ត​ចំនួន ១​កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំផ្លូវ ចំនួន ៤​កន្លែង និង​បញ្ជរ​បង់ប្រាក់ ចំនួន ៨​កន្លែង

-ព្រមទាំង​បំពាក់​គ្រឿង​បរិក្ខារ​ផ្លូវថ្នល់ រួមមាន ផ្លាក​សញ្ញាចរាចរណ៍ ភ្លើង​សញ្ញា​ចរាចរណ៍ និង​គំនូស​សញ្ញា​ចរាចរណ៍​ផងដែរ។
គម្រោង​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន​ខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួត​ពិនិត្យ និងផ្តល់​ការ​ប្រឹក្សា​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស Minconsult SDN BHD ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ​ប្រមាណ​ជិត ២ពាន់​លានដុល្លារ​អាមេរិក និង​ប្រើប្រាស់​ថវិកា​បដិភាគ​ ដែលជា​ហិរញ្ញប្បទាន​ឥតសំណង​ពិសេស​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រមាណ ១៥០លាន​ដុល្លារ​អាមេរិក ដែលត្រូវ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៤៨​ខែ ដោយគិត​ចាប់ផ្តើមពី​ខែមីនា ឆ្នាំ​២០១៩ និង​បញ្ចប់​នៅខែ​មីនា ឆ្នាំ​២០២៣។
មុន​សម្រេច​សាងសង់ផ្លូវ​នេះ គឺត្រូវ​ចំណាយពេល​សិក្សា​អស់​ជាច្រើន​ឆ្នាំ តាំងពីឆ្នាំ​២០០៦​មកម្ល៉េះ។ ដំបូងឡើយ រាជរដ្ឋាភិបាលកម្ពុជា គ្រោងខ្ចី​ថវិកា​របស់​រដ្ឋាភិបាល​ចិន ដើម្បី​សាងសង់​ផ្លូវនេះ តែ​ដោយសារ​គម្រោង​ត្រូវការ​ថវិកា​រហូតដល់ ២ពាន់​លានដុល្លារ​អាមេរិក ដែលធំ​ជាង​ពិដាន​នៃការខ្ចី​ប្រចាំឆ្នាំ​អនុញ្ញាត​ដោយ​ច្បាប់ និង​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ ស្តីពី​ការ​គ្រប់គ្រង​បំណុល​សាធារណៈ ២០១៥-២០១៨ ក៏​សម្រេច​ឲ្យ​មាន​ការវិនិយោគ​តាមរូបភាព​សាងសង់ ធ្វើ​អាជីវកម្ម និងផ្ទេរ (BOT) ជំនួស​វិញ។
ផ្លូវនេះ តាម​​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពេលដាក់​ឱ្យ​ដំណើរការ​នោះ ក្រុមហ៊ុន​​ក៏បាន​ឯកភាព​មិន​យកថ្លៃ​យានយន្ត​គ្រប់ប្រភេទដែល​បើកបរ​លើផ្លូវល្បឿនលឿន​នេះ ក្នុង​រយៈពេល១​ខែដំបូង និង​បញ្ចុះ​តម្លៃ​២០% សម្រាប់​រយៈពេល១ឆ្នាំ​ថែមទៀត។ លើសពីនេះ​​ទៀត ក្រុមហ៊ុន​បានយល់ព្រម​កែសម្រួល​កម្រៃ​សេវា​ឆ្លងកាត់​ក្នុង​រយៈពេល ៥ឆ្នាំ​ម្តង នៃ​ប្រតិបតិ្តការ​អាជីវកម្ម​របស់ខ្លួន​ផងដែរ៕