ក្រសួងព្យាករថា ថ្ងៃ២២-២៥មីនា នឹងមានភ្លៀងធ្លាក់

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម ព្យាករថា នៅថ្ងៃទី២២ ខែមីនានេះ សម្ពាធទាបពីខាគខាងលិចនិងនិរតី ជួបប្រសព្វនឹងសម្ពាធខ្ពស់ពីតំបន់ខ្ពង់រាប ដែលបណ្តារាជធានី-ខេត្តនានា អាចមានភ្លៀងកក់ខែ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ខែមីនា។
តាមរយៈសេចក្តីជូនដំណឹង ក្រសួង បានបញ្ជាក់ថា បណ្តាខេត្តនៅភាគខាងកើត ខាងត្បូង និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បរមា មានពី២៥ ទៅ ២៧អង្សា និងសីតុណ្ហភាពអតិបរមា មានពី៣០ ទៅ ៣២អង្សា ហើយបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បរមា មានពី២៥ ទៅ ២៧អង្សា និង សីតុណ្ហភាពអតិបរមា មានពី៣៤ ទៅ ៣៦អង្សា។

ក្រសួងបានប្រាប់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ ជាពិសេស ខ្យល់កន្ត្រាក់ ដែលនឹងកើតឡើងផងដែរ៕