សម្តេច ហ៊ុន សែន ចង់​ឱ្យ​សាងសង់​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-បាវិត

(ភ្នំពេញ)៖ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហាញ​ពី​បំណង​ចង់ឱ្យ​មាន​ការ​សាងសង់ផ្លូវ​ល្បឿនលឿន ភ្នំពេញ-បាវិត (ព្រំដែន​កម្ពុជា-វៀតណាម) តាម​រូបភាព​ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។ ការ​ថ្លែង​នេះ ធ្វើឡើង​នៅក្នុងពិធី​បើកការដ្ឋាន​សាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ​២០១៩។
សម្តេច​បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវការ​​ផ្លូវ​ល្បឿនលឿន ជាច្រើន​ទៀត ដូចជាការ​តភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម។ «បើនិយាយពីវៀតណាម ធ្វើផ្លូវច្រើនណាស់។ ផ្លូវជាតិ​ពីមុន​ដែល​តូចៗ ឥឡូវ​វៀតណាម ពង្រីក​ទៅជា​ផ្លូវហាយវេ​អស់ហើយ។ អ៊ីចឹង! យើង​ត្រូវ​តភ្ជាប់​ជាមួយ​វៀតណាម ពីភ្នំពេញ ទៅ​បាវិត​ថែមទៀត»។

ប្រមុខ​រាជរដ្ឋាភិបាល​បន្ថែមថា កម្ពុជា មិន​ត្រឹម​តែត​ភ្ជាប់​ផ្លូវនៅ​តែ​ផ្ទៃខាងក្នុង​ប្រទេស​នោះទេ ពោលគឺ​ត្រូវ​ភ្ជាប់​ទៅកាន់​ប្រទេស​ដទៃ​ផងដែរ ជាពិសេស​ប្រទេស​ជិត​ខាង​ដូចជាថៃ និង​វៀតណាម​ជាដើម ដែល​ជា​ច្រក​របៀង​សេដ្ឋកិច្ច។
បើតាម​ការ​លើកឡើង​របស់​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជុន បាន​ឱ្យដឹង​កាលពីខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅថា ការ​សិក្សា​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត ត្រូវបាន​ចប់សព្វ​គ្រប់​អស់ហើយ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៣៨០០លានដុល្លារ។ រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ធ្វើការ​សិក្សា​ផ្លូវ​ល្បឿនលឿន​ពី​ភ្នំពេញ​ទៅ​បាវិត ដែលមាន​ចម្ងាយ​ផ្លូវប្រវែង ១៦០​គីឡូម៉ែត្រ ដើម្បី​ធ្វើការ​សាងសង់​ផ្លូវនេះ។

​រដ្ឋមន្រ្តី​រូបនេះ បានគូស​បញ្ជាក់​ថា ការ​ចំណាយ​យ៉ាងច្រើន​សម្រាប់​សាងសង់​ផ្លូវ​ល្បឿនលឿន​នេះ ដោយសារតែ​ផ្លូវ​ដែល​ត្រូវ​សាងសង់​ គឺមាន​លិចទឹក ហើយកាត់​តាម​បឹង ឬតំបន់​លិចទឹក​ច្រើន ដែល​មាន​ប្រវែង​រហូតដល់ ៨០​គីឡូម៉ែត្រ ជាហេតុ​ធ្វើឱ្យ​តម្លៃ​ក្នុងការ​ចំណាយ​សាងសង់​ច្រើន៕