គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ធ្វើទស្សនៈកិច្ច៤ថ្ងៃនៅវៀតណាម ដើម្បីពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរ

(ហាណូយ)៖ តបតាមការអញ្ជើញរបស់លោក ស្រី តុង ធិហ្វុង (Tong Thi Phong) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម, លោកស្រី ឃួន សុ ដា រី អនុប្រធានទី២ នៃរដ្ឋសភា កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណា។

ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនេះ ធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ក្នុងគោលបំណងពង្រឹងពង្រីក ចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសរវាងរដ្ឋសភាប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។

យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា នៅក្នុងកំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា គ្រោងនឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានជំនួបទ្វេភាគី រវាងរដ្ឋសភាប្រទេសទាំងពីរជាច្រើន ដែលមានដូចជា៖

* គ្រោងជួបសម្តែងការគួរសមជាមួយ លោកស្រី ង្វៀន ធិគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

* ជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី តុង ធិហ្វុង (Tong Thi Phong) អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

* ជំនួបពិភាក្សាទ្វេភាគីរវាង លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា និង លោក ង្វៀន វ៉ាន់ហ្គូ (Nguyen Van Giau) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភា វៀតណាម។

* ជំនួបពិភាក្សាទ្វេភាគីរវាង លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និង លោក ង្វៀន ហាញ់ហ្វុក អគ្គលេខាធិការ និងជាប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម។

* ក្រៅពីនេះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងអញ្ជើញទៅ ទស្សនាតំបន់កសិឧស្សាហកម្មមួយនៅទីក្រុងហាណូយ ឬខេត្តជិតខាង និងទស្សនាតំបន់ ប្រវត្តិសាស្រ្ត នៅខេត្តនិនប៊ិញ(Ninh Binh) ផងដែរ៕