សហព័ន្ធកីឡាប៉េតង់ តែងតាំងវិរៈកីឡាការិនី កែ ឡេង ជាគ្រូជំនួយក្រុមជម្រើសជាតិកីឡាការិនីឈុតធំ បន្ទាប់ពីចូលនិវត្តន៍

(ភ្នំពេញ)៖ លោកស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡានិងជាសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា គណៈកម្មការសហព័ន្ធសម្រេចតែងតាំងវិរៈកីឡាការិនី កែ ឡេង ជាទីប្រឹក្សា និងអ្នកគ្រូជំនួយផ្នែកកីឡាការិនីឈុតធំ បន្ទាប់លោកស្រីប្រកាសចូលនិវត្តន៍ ។

ជាមួយនឹងការមានប្រសាសន៍បែបនេះ នាថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោករដ្ឋលេខាធិការបានធ្វើពិធីតែងតាំងកីឡាការិនីឆ្នើមរូបនេះជាទីប្រឹក្សា និង ជាគ្រូជំនួយឈុតធំរបស់សហព័ន្ធតែម្ដង ។

លោកស សុខា​ មានប្រសាសន៍ក្នុងពីធីតែងតាំងនោះថា សហព័ន្ធនៅតែទុកឱកាសឲ្យអត្តពលិកកីឡាប៉េតង់មានស្នាដៃឆ្នើមៗជួយ​ដល់សហព័ន្ធ ក្នុងបណ្តុះបណ្តាលធនធានមនុស្សលើប្រភេទកីឡាប៉េតង់ជានិច្ច ប្រសិនពួកគាត់ចង់ចូលរួមជាមួយសហព័ន្ធ។ ដូច្នេះលោកបានប្រជុំពិភាក្សាជាមួយសមាជិកប្រវតិបត្តិ ដោយតែងតែលោកស្រីជាគ្រូជំនួយកីឡាការិនី ចំណែកលោកគ្រូ សុខ ម៉ុង ជាគ្រូបង្វឹកធំដដែល។

ក្នុងការឱកាសពិធីប្រកាសតែងតាំង ម្ចាស់មេដាយមាសកីឡាប៉េតង់៤ជំនាន់លើវិញ្ញាសាវាយយកពិន្ទុនោះ លោកស សុខា ក្នុងនាមជារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងប្រធានសហព័ន្ធនឹងប្រគល់លិខិតថ្លែងអំណរគុណ ព្រមទាំងបំពាក់មេដាយកិត្តិយស៤ជំនាន់ និងប្រគល់ពានកិត្តិយសដល់វិរៈកីឡាការិនី រូបនេះទៀតផង។ ហើយក៏បំពាក់មេដាយជូនសមាជិកប្វតិបត្តិ ព្រមទំាងកីឡាករ-កីឡាការិនីដែលទទួលបានមេដាយមាសនៃការប្រកួតកម្រិតអន្តរជាតិនានាទៀតផង៕ ដោយ៖ កូនដូច (យុទ្ធ)