រដ្ឋមន្ដ្រីសុខាភិបាល ចុះសួរសុខទុក្ខ និងផ្ដល់ស្បៀងឧបភោគ-បរិភោគ ជូនដល់កងពលតូចថ្មើរជើងលេខ៥១ ខេត្ដបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ដ្រីក្រុមការងារ រួមទាំងក្រុមហ៊ុន សុខាអូតែល ដែលជាសម្ព័ន្ធមេត្រីភាពរវាងគ្នា ចុះមកសំណេះសំណាលសួរសុខទុក្ខ និងនាំមកនូវអំណោយជាស្បៀងឧបភោគ-បរិភោគ ជូនដល់កងទ័ពនៅបញ្ជាការកងពលតូចថ្មើរជើង លេខ៥១ នៅស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានពាំនាំប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះបងប្អូនជនរួមជាតិពលទាហាន មេបញ្ជាកងទ័ព និវត្ដន៍ជនទាំងអស់ផងដែរ។

ជាងនេះទៅទៀត រដ្ឋមន្ដ្រី ថ្លែងបន្ដថា «ក្នុងឱកាសមុនចូលឆ្នាំខ្មែរប្រពៃណីជាតិយើងមកដល់នេះ ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល បាននាំនូវស្បៀងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ដើម្បីឱ្យបងប្អូនរៀបចំកម្មវិធីចូលឆ្នាំថ្មីខាងមុខនេះ ដោយក្នុងនោះក៏បាននាំមកនូវឱសថបរិក្ខារពេទ្យជាង៣ពាន់គីឡូ សម្រាប់ព្យាបាលសុខភាពរបស់ពលទាហាន និងប្រជាពលរដ្ឋ។

លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានលើកឡើងទៀតថា «ចំពោះបញ្ហាសុខភាព យើងខ្ញុំត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួយឧបត្ថម្ភគាំទ្រ នឹងបន្ដប្ដេជ្ញាជួយលើបញ្ហាសុខភាព។ ជាពិសេសសូមអំពាវដល់ប្អូននៅទីនេះ ការពារជានិច្ចត្រូវគេងក្នុងមុងជ្រលក់ថ្នាំ ដែលយើងបានផ្ដល់ជូន កុំឱ្យកើតនូវជំងឺគ្រុនចាញ់ និងត្រូវប្រុងប្រយ័ត្នកុំឱ្យកើតជំងឺអេសដ៍ផងដែរ»។

ទន្ទឹមនឹងនោះ ត្រូវជួយផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ជៀសឱ្យឆ្ងាយពីការសេពគ្រឿងញៀន ដែលបំផ្លាញខ្លួន គ្រួសារ និងសង្គមជាតិ។ ជាងនេះទៅទៀតក្នុងរដូវក្ដៅនេះ សូមបងប្អូនយើង ក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះពីជំងឺផ្សេងៗដែលកើតមានឡើង។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណទៅដល់បងប្អូនថ្នាក់ដឹកនាំ មេបញ្ជាការកងពល នាយទាហាន និងកងពលទាំងអស់ ដែលបានរួមចំណែក ខិតខំបំពេញភារកិច្ចជួយប្រជាពលរដ្ឋដោយមិនខ្លាចនឿយហាត់ ក្នុងការជួយថែរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសជាតិ រីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ។

ជាការឆ្លើយតប ឧត្ដមសេនីយ៍ វ៉ែន សាយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានពុះពាររាល់ការលំបាកគ្រប់យ៉ាង បានកាច់ចង្កូតនាវាកម្ពុជា ឆ្លងកាត់ព្យុះភ្លៀង និងឧបសគ្គជាច្រើន រក្សាស្ថានភាពប្រកបដោយសន្តិភាព ស្ថិរភាពនយោបាយ មានសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមល្អ ធានាអភិវឌ្ឍប្រទេសកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន លើគ្រប់វិស័យ។

ដូច្នេះក្នុងនាមអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ដោយផ្អែកតាមផែនការ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិអគ្គបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក និងយោធភូមិភាគទី៥ យើងបានខិតខំ យកចិត្តទុកដាក់ពុះពារ គ្រប់ការលំបាក ដោយបានសហការដ៏ល្អជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងស្មារតីខិតខំអនុវត្ដន៍ឱ្យសម្រេចជោគជ័យ តាមគោលដៅយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល និងផែនការគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាពយ៉ាងសកម្ម ដែលមានកម្លាំងសមត្ថកិច្ចជាស្នូល បំពេញបាននូវតួនាទី ភារកិច្ចរក្សាសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ យ៉ាងល្អប្រសើរ។

ជាមួយគ្នានោះ ក្រៅពីការបំពេញភារកិច្ចស្នូល ក្នុងកិច្ចការការពារអធិបតេយ្យភាពបូរណភាពទឹកដី អង្គភាព បានខិតខំប្រឹងប្រែង កសាងពង្រឹងអង្គភាព រឹងមាំលើគ្រប់វិស័យ ធ្វើឱ្យមានការប្រែប្រួល រីកចម្រើន ដូចជា៖ ការគ្រប់គ្រងពង្រឹងកម្លាំង, របៀបរបបធ្វើការងារ, ការហ្វឹកហ្វឺនរៀនសូត្រ, ការកសាងជំរុំជម្រកស្នាក់នៅ កន្លែងធ្វើការងារ និងការលើកកម្ពស់ ជីវភាព សុខុមាលភាពកងទ័ព បានសមរម្យ តាមរយៈការចុះទស្សនកិច្ចសិក្សាដកពិសោធន៍ពីអង្គភាពមួយ ទៅអង្គភាពមួយបំផុសទៅជាចលនា ប្រលងប្រណាំង។

លើសពីនោះ មេបញ្ជាការរូបនេះបានបន្ដថា ក្រៅពីនេះ យើងបានយកចិត្តទុក្ខដាក់ចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋ រងគ្រោះមហន្តរាយដោយធម្មជាតិដូចជា៖ ជួយជួសជុល កសាងលំនៅឋាន ជួយច្រូតកាត់ស្រូវ លិចទឹកជំនន់ ជួយដកស្ទូង ប្រមូលភោគផលស្រូវ ជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជួយសម្អាតបរិស្ថាន -ល- និងការងារផ្សេងៗទៀត។

ព្រមជាមួយគ្នានោះ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានថ្លែងអំណរគុណ ដល់រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលតែងតែដឹកនាំប្រតិភូ អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខជារៀងរាល់ឆ្នាំ និងនាំមកនូវអំណោយ សម្ភារ ថវិកា ស្បៀងអាហារ ថ្នាំពេទ្យ គ្រឿងឧបភោគ- បរិភោគ ជូនដល់នាយទាហាន គ្រួសារកងទ័ព និងនិវត្តន៍ជន នាឱកាសមុនចូលឆ្នាំខ្មែរ។ ជាពិសេស បានជួយកសាងទីបញ្ជាការវរសរនាតូចលេខ ៥១៤ ចំនួន១ខ្នង ដែលមានទឹកប្រាក់ចំនួន៤៤,០០០ដុល្លារផងដែរ៕