លោក គង់ គាំ៖ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវតែមានព្រំដែន មិនអាចទុកអោយប្រទេស និងប្រជាពលរដ្ឋរងគ្រោះដោយភាពច្របូកច្របល់ឡើយ

(ភ្នំពេញ)៖ អតីតអ្នកនយោបាយជើងចាស់ និងជាអតីតមនុស្សជំនិតរបស់លោក សម រង្ស៊ី លោក គង់ គាំ បានអះអាងថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវតែមានព្រំដែន ដូចជានៅសហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម ដោយមិនអាចទុកអោយប្រទេស និងប្រជាពលរដ្ឋរងគ្រោះដោយភាពច្របូកច្របល់ឡើយ។

ការបញ្ជាក់របស់អតីតអ្នកនយោបាយជើងចាស់រូបនេះបានធ្វើឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន។

បើតាមលោក គង់ គាំ ការវាយតម្លៃឥរិយាបថ និងវិធានការចំពោះកម្ពុជាអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់សហគមន៏អឺរ៉ុប (EU) និងសហរដ្ឋអាមេរិក មានរបៀបជាទោសតូច តែពង្រីកជាធំ ដែលលោកប្រើពាក្យថា “ទោសគេតូចសោកសល់ រមិលយល់ប៉ុនទាំងភ្នំ”។ លោកថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវតែមានព្រំដែន ដូចសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបកំពុងប្រើ គឺមិនទុកអោយប្រទេស និងប្រជាពលរដ្ឋរងគ្រោះ ដោយភាពច្របូកច្របល់នោះឡើយ ហើយនៅកម្ពុជា ការទម្លាយព័ត៌មានអំពីខ្លឹមសារសន្ទនា រវាងសម្តេច ហ៊ុន សែន និងលោកម៉ៅ មុនី្នវណ្ណ និងសម្លេងសម្តេចហ៊ុន សែន ជាមួយលោក កឹម សុខា បានបញ្ជាក់ថា គឺជាការបកស្រាយបញ្ហានៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៤ ដែលជាការតថ្លៃរបស់អ្នកនយោបាយកម្ពុជាប៉ុណ្ណោះ។

លោក គង់ គាំ អះអាងថា ក្រោយវគ្គរាត្រីទឹកឃ្មុំរវាង CNRP និងCPP នៅចន្លោះឆ្នាំ២០១៤-ឆ្នាំ២០១៦ បញ្ហាសំខាន់ៗរបស់ប្រជាពលរដ្ឋ និងរបស់ប្រទេសជាតិ មិនបានប្រើមធ្យោបាយពិភាក្សាដោះស្រាយ ជំនួសការប្រមូលកម្លាំងប្រជាពលរដ្ឋនៅក្រៅសភា ឬតាមដងផ្លូវនោះទេ ហើយក្នុងនោះ នៅប្រទេសបារាំង មានបាតុកម្មប្រឆាំងទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំដោយមានសម រង្ស៊ី និងលោក យ៉ែម ប៉ុញ្ញរិទ្ធ ហើយនៅទីក្រុងភ្នំពេញក៏មានបាតុកម្មតបវិញផងដែរ ដោយបានដកតំណែងលោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា។ និយាយរួម ដំណើរជាហូរហែរកន្លងមក បានប្រើដំណោះស្រាយផ្លូវនយោបាយផង ដំណោះស្រាយផ្លូវតុលាការផង គឺពិតជាមានហេតុផលទៅតាមស្ថានភាពជាក់ស្តែង។ លោកថា លោកមិនបដិសេធសាលដីកាតុលាការកំពូលកម្ពុជាទេ ពីព្រោះលោក កឹម សុខា ក៏បានចូលខ្លួនអោយតុលាការសាលាដំបូងរាជធានីភ្នំពេញ ដោយទុកច្បាប់ជាធំ។

លោក គង់ គាំ អះអាងថា ក្រុមមានគំនិតផ្លាស់ប្តូររបប ក្នុងជួរ CNRP បានបញ្ចូលបញ្ចេញសេចក្តីសម្រចរបស់ EU ជាយុទ្ធសាស្ត្រប្រាំចំណុចរបស់ខ្លួន ដើម្បីអោយអន្តរជាតិវាយសម្តេច ហ៊ុន សែន អោយទ្រោម តាមរយៈមាតុភូមិនិវត្តន៍ អោយពលទាហ៊ានបំបែរកាណុង, អោយប្រជាពលរដ្ឋងើបផ្តួលរំលំ, តម្រូវឲ្យព្រះមហាក្សត្រដាក់រាជ, បដិសេធការបោះឆ្នោតឆ្នាំ២០១៨-ឆ្នាំ២០២២-ឆ្នាំ២០២៣ កំពុងបោកបញ្ឆោតប្រជាពលរដ្ឋខ្មែរអោយប្រឆាំងអ្នកមានអំណាច ប្រឆាំងអ្នកមានប្រាក់ជាដើម ដែលមជ្ឈដ្ឋានទូទៅយល់ថា ដំណើររបបប៉ុលពតទីពីរ កំពុងលងកម្ពុជា តាមក្រុម សម រង្ស៊ី អ្នកនយោបាយឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ប្រើប្រាស់អោយសកម្មជនអតីត CNRP និងអ្នកគាំទ្រព្រមទាំងប្រជាពលរដ្ឋខ្មែរទូទៅ អោយបង្ករភាពបំផ្លាញសណ្តាប់ធ្នាប់ បង្ករការរំជើបរំជួល ភាពវឹកវរ ចលាចល ធ្វើអាជីវកម្មនយោបាយគ្រប់រឿង គ្រប់ជំហ៊ានមិនឈប់ឈរ ដើម្បីអោយអ្នកមានអំណាចរារាំងទប់ស្កាត់ ចោទចាប់ រត់ព្រាត់ប្រាស់ ចោលគ្រួសារ ចោលស្រុកទេស ក្នុងល្បិចមួយ គឺកូរទឹកអោយល្អក់ ដើម្បីចាប់ត្រី។

ជាមួយគ្នានោះ លោក កង់ គាំ មិនជឿថា អតីត CNRP អាចវិលត្រលប់វិញនោះទេ ទោះពីតាមផ្លូវនយោបាយ តាមផ្លូវតុលាការ៕ ដោយ៖ ភក្តី (Micheal)