​បុរស​ម្នា​ក់ បាន​ទៅ​កាប់​ឈើ​ជាមួយ​កូនស្រី​ ដើម្បី​យក​មក​ធ្វើ​លំនៅដ្ឋាន ​តែ​ជា​អកុសល​ពេលដែល​កាប់​ឈើ​រលំលើបុរស​នោះ​ស្លាប់​ភ្លាមៗ

ស្ទឹងត្រែង ៖ ដោយសារតែ​ភាពក្រីក្រ​ខ្វះ​ទី​ជម្រក ​បុរស​ម្នា​ក់ បាន​ទៅ​កាប់​ឈើ​ជាមួយ​កូនស្រី​ ដើម្បី​យក​មក​ធ្វើ​លំនៅដ្ឋាន ​តែ​ជា​អកុសល​ពេលដែល​កាប់​ឈើ​រលំ បាន​បាក់​មែក​មក​ធ្លាក់​សង្កត់​ចំ​ពីលើ​បណ្តាល​ឲ្យ​បុរស​នោះ​ស្លាប់​ភ្លាមៗ​តែម្ដង​។​
ហេតុការណ៍​គ្រោះថ្នាក់​របស់​បុរស​នោះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៤ ​ខែ​មីនា ​ឆ្នាំ ២០១៩ វេលា​ម៉ោង​១៦​និង​០០​នាទី​ ចំណុច​អូរ​គុម​ ស្ថិត​ក្នុងភូមិ​វ៉ើន​សៀន​ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​ខេត្ត​ស្ទឹង​ត្រែង។
លោក​វរសេនីយ៍ត្រី​អធិការ​រង ហម​ ណាវី​ បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​ដែល​មែក​ឈើ​បាក់​សង្កត់​លើ​ឈ្មោះ ​សូម ខែម ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កោះ​ភ្នៅ ឃុំ​អូរ​សា្វ​យ​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​
លោក​វរសេនីយ៍ត្រី​បន្ត​ដឹងថា​ នៅ​ថ្ងៃកើតហេតុ ​បុរសរងគ្រោះ​ បាន​នាំ​កូនស្រី​ទៅជា​មួយ​កាប់​ឈើ​ដើម្បី​យកមក​សង់ផ្ទះ​ តែ​ជា​អកុសល​ បន្ទាប់ពី​ដើមឈើ​នោះ​រលំ​មែក​ឈើ​ទាក់​នឹង​វល្លិ​បាក់​មែក មក​សង្កត់​ចំ​ពីលើ​ក្បាល​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​។​
លោក​បន្តថា​ ក្រោយ​កើតហេតុ​ កូនស្រី ​ឈ្មោះ ខែម​ បូ​ថង ​អាយុ​១២​ឆ្នាំ​ បាន​រាយការណ៍​មក​កម្លាំង​ជំនាញ​អធិការ​ស្រុក​សហការ​ និង​កម្លាំង​ប៉ុស្តិ៍ ​ព្រមទាំង​អាជ្ញាធរ​ភូមិ​/ឃុំ​ចុះ​ទៅដល​កន្លែង​ពិនិត្យ​សព​និង​យោង​សាក្សី​បំភ្លឺ​ឃើញ​ថា​ សព​ពិតជា​ស្លាប់​ដោយសារ​មែក​ឈើ​បាក់​សង្កត់​ពិតប្រាកដ​មែន ​និង​បាន​រាយការណ៍​ជូន​លោក​ព្រះរាជអាជ្ញា​រង ​វង្ស​ សាវ៉ា​ត់ ឲ្យប្រគល់​សព​ជូន​ក្រម​គ្រួសារ​ធ្វើបុណ្យ តាម​ប្រពៃណី៕