បុរស​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម ​ក្នុង​ថ្លុក​ឈាម​ នៅ​ក្នុង​រថយន្ត​ ពេល​សមត្ថកិច្ច​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ជា​ចោរលួច​រថយន្ត។

ព្រៃវែង៖ ហេតុការណ៍​នេះ ​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​២៣​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​សណ្ដែក ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។
ជនរងគ្រោះ​ ដែល​ស្លាប់ ​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ យ​ន សាវុធ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ រស់នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ និង​ម្នាក់​ទៀត ​ឈ្មោះ វ៉ាន ខេមរិន ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង រង​របួស ​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន។
រីឯ​ជនដៃដល់​ ឈ្មោះ ជឹម រតនៈ តួនាទី​ជា​អធិការរង​ស្រុក​ព្រះស្ដេច និង​ត្រូវជា​កូនប្រុស លោក​ឧកញ៉ា ជឹម សុខ។
បើ​តាម​ម្ដាយ​របស់​ ឈ្មោះ វ៉ាន ខេមរិន បាន​ប្រាប់​អ្នក​ព័ត៌មាន​យើង​ថា កូន​គាត់​មិនមែន​ជា​ចោរ​លួច​រថយន្ត​ទេ រីឯ​ជនរងគ្រោះ​ដែល​ស្លាប់​ក៏​ពុំមែន​ជា​ចោរ​ដែរ។
ជុំវិញ​ករណី​ខាង​លើ​នេះ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ដែល​ស្លាប់ បាន​ទិញ​រថយន្ត ម៉ាក​ព្រូស ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF2679​ ដោយ​បង់​រំលោះ ពី​ម្ចាស់​រថយន្ត​ ដោយ​នៅ​ខ្វះ​លុយ​ចំនួន​៣,០០០​ដុល្លារ​ទៀត​​ ហើយ​ម្ចាស់​ដើម​ ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស រស់នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បច្ចុប្បន្ន ​ជាជាង​ជួសជុល​រថយន្ត​ នៅ​ភ្នំពេញ​។ ម្ចាស់​ដើម​ បាន​ជួល​រថយន្ត​នោះ ឲ្យ​ទៅ​ជនជាតិ​ចិន ក្រោយមក ​ជនរងគ្រោះ​ ឈ្មោះ យ​ន សាវុធ បាន​ទៅ​យក​រថយន្ត​នោះ ពី​ជន​ជាតិ​ចិន​ទាំង​ទទឹងទិស ​រួច​បើក​ពី​ភ្នំពេញ រត់គេច​មក ផ្ទះ​ជាមួយ​ ឈ្មោះ វ៉ាន ខេមរិន។ ទន្ទឹម​នឹង​នោះ ឈ្មោះ ផាន់ សុ​ឌី គិត​ថា​ទិញ​រថយន្ត​ឲ្យ​លុយ​មិនទាន់​គ្រប់​ផង ​បែរជា​ទៅ​យក​រថយន្ត ពី​អតិថិជន​អ្នក​ជួល​ទាំង​ទទឹងទិស ​ហើយ​គេច​បាត់​ទៀត ទើប​ខ្លួន ស្រាវជ្រាវ​តាម​GPS បើកឡាន​តាម​ពីក្រោយ​ និង​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច ថា​ចោរលួច​រថយន្ត​ខ្ញុំ​ហើយ។
ជាមួយគ្នា​នោះ សមត្ថកិច្ច​PM ​ខេត្ត​ព្រៃវែង​ បាន​បើក​រថយន្ត​ដេញតាម​ពីក្រោយ​តាំងពី​ស្ពាន​អ្នក​លឿង ត្រើយ​ខាង​កើត ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក៏​បត់​សំដៅ​ទៅតាម​ផ្សារ​កំពង់​សឹង​ និង​ស្រុក​បាភ្នំ លុះដល់​កន្លែងកើតហេតុ​ខាង​លើ ស្រាប់តែ​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រះស្តេច ​ដែល​ដឹកនាំ​ដោយ​កូន​របស់​ លោក​ឧកញ៉ា ជឹម សុខ ឈ្មោះ ​ជឹម រតនៈ​ មាន​តួនាទី​ជា​អធិការ​រង​ស្រុក​ព្រះស្ដេច ​បាន​បាញ់​ស្រោច​ជាច្រើន​គ្រាប់ បណ្ដាល​ឲ្យ​ជនសង្ស័យ​ម្នាក់​ស្លាប់​ភ្លាមៗ ​ក្នុង​រថយន្ត​ នៅក្នុង​ថ្លុក​ឈាម​និង​ម្នាក់ទៀត​ត្រូវ​ឃាត់​ខ្លួន​នៅ​អធិការ​ស្រុក​បាភ្នំ​។​
​លោក ឈួន គឹម សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​យើង នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ថា កម្លាំង​របស់​លោក​មិនបាន​បាញ់​ទេ គឺ​ឆ្កោក​ពី​ក្រោយ​រថយន្ត​សង្ស័យ​ប៉ុណ្ណោះ។​​
លោក​បន្តថា អ្នក​បាញ់​ អាច​ជា​សមត្ថកិច្ច​នគរបាល ដែល​គេ​ស្ទាក់​ពីមុខ ហើយ​នេះ​ជា​ករណី​សង្ស័យ​ចោរលួច​រថយន្ត​។​
​​ជុំវិញ​ការ​បាញ់​ស្លាប់​មនុស្ស​ដោយ​សង្ស័យ​ថា​ចោរលួច​រថយន្ត​នេះ លោក ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​បាន​ឲ្យ​ភ្នាក់ងារ​កាសែត​(​កម្ពុ​ជាថ្មី​)​ដឹង​ថា ​​ គឺ​សមត្ថកិច្ច​របស់លោក​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ម្ចាស់​រថយន្ត​ ហើយ​ម្ចាស់​រថយន្ត​ បាន​បើក​រថយន្ត​តាម​មកពី​ក្រោយ​ និងមាន​កម្លាំង​PM​តាម​មក​ជា​មួយ​ថែមទៀត​ លុះ​ពេលដែល​សមត្ថកិច្ច​កំពុង​ដេញ​តាម ​ជនសង្ស័យ​ដឹងខ្លួន ​ក៏​បើក​គេច​ចូល​តាម​ស្រុក​បាភ្នំ។ ពេលនោះ ​គឺ​សមត្ថកិច្ច​បាន​ស្ទាក់​ឃាត់​រថយន្ត​ជនសង្ស័យ ​តែ​ជនសង្ស័យ​មិន​ឈប់​ ហើយ​ថែមទាំង​សំដៅ​បំ​បុក​សមត្ថកិច្ច​ទៀត ក្រោយមក​ក៏មាន​ការផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ បណ្តាល​ឲ្យ​ជនសង្ស័យ​ស្លាប់​តែម្តងទៅ​។
​លោក​បាន​បន្ត​ថា​ ការ​បាញ់​នេះ​ គឺ​សមត្ថកិច្ច​ប្រើ​សិទ្ធិ​ស្វ័យ​ការពារ​ ​​ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​នោះ​ គឺជា​មុខសញ្ញា​ក្រុម​ចោរលួច​រថយន្ត​។​ ​​ទោះជា​យ៉ាងណា​ មហាជន​ បាន​រិះគន់​ទៅ​លើ​សមត្ថកិច្ច​នគរបាល​ថា ​បើ​បាញ់ ​ក៏​បាញ់​ទៅ​ចុះ​ តែ​បាញ់​ទម្លាយ​កង់​រថយន្ត​ទៅ ​ចាំបាច់​បាញ់​សំដៅ​មនុស្ស​ បណ្តាល​ឲ្យ​ជនរងគ្រោះ​ដែល​ជា​ជនសង្ស័យ​ស្លាប់​បែបនេះ​ទៅវិញ​។​ ​​ពួកគាត់​នៅ​រង់ចាំ​មើល​ថា​ តើ​សម្តេច​ក្រឡាហោម ​ស ខេង​ គិត​បែប​ណា​ចំពោះ​មន្ត្រី​នគរបាល​ដែល​ប្រព្រឹត្ត​បែបនេះ​??៕