នី មុន្នីនាថ ទម្លាយរឿងរ៉ាវប្រេះស្រាំជាមួយអតីតគូដណ្ដឹងជាលើកដំបូង

កំពូលតារាទឹកភ្នែកល្បីឈ្មោះជាង ១០ ឆ្នាំមិនស្រុះចុះកញ្ញា នី មុន្នីនាថ បានបង្ហាញពីរឿងរ៉ាវស្នេហាប្រេះស្រាំជាលើកដំបូងក្នុងជីវិតក្រោយពីមានជម្លោះប្ដឹងផ្ដល់គ្នាជាមួយអតីតគូដណ្ដឹងនាពេលកន្លងមក រហូតនាងជួបការបាក់ទឹកចិត្តជាខ្លាំង។

នៅក្នុងកិច្ចសម្ភាសក្នុងកម្មវិធីសិល្បៈមួយ កំពូលតារាសម្ដែងសម្បុរស្រអែមស្រស់រូបនេះបានឱ្យដឹងថា រវាងនាងនិងអតីតគូដណ្ដឹងគឺមានរឿងរ៉ាវចាក់ស្រែះជាច្រើនដែលនាងជួបប្រទះរហូតដល់ឈានដល់ការបាត់ទឹកចិត្តនៅក្នុងជីវិត។ កញ្ញា លើកឡើងថា កញ្ញាទទួលរងសម្ពាធផ្លូវចិត្តទើបដកខ្លួនពីអតីតគូដណ្ដឹង ប៉ុន្តែមិនទទួលបានការគាំទ្រពីគ្រួសារនោះឡើយ។ រហូតដល់ពេលមួយទើបគ្រួសារនាងព្រមទទួលស្គាល់ថា បុរសម្នាក់នោះពិតជាមិនអាចធ្វើជាម្លប់ឱ្យកូនស្រីគាត់ពិតមែន ព្រោះក្រោយពេលមានបញ្ហាជាមួយគ្នាបុរសនោះមិនត្រឹមតែមិនព្រមបែកដោយសន្ដិវិធីទេ ប៉ុន្តែបែរជាបង្កជាជម្លោះ ប​ង្ហោះពាក្យអសុរស និងដាក់ពាក្យប្ដឹងនាងទៅវិញ។

ទោះបីជាយ៉ាងណា ក្នុងស្ថានការណ៍ដ៏ពិបាកក្នុងជីវិតរយៈពេលជាងពីរឆ្នាំមកនេះ កញ្ញា បានបញ្ជាក់ថាមានមនុស្សម្នាក់តាមលួងលោម លើកទឹកចិត្ត និងផ្ដល់តម្លៃឱ្យកញ្ញា ប៉ុន្តែនាងមិនបានបញ្ជាក់ថាម្នាក់នោះជាអ្នកណានោះឡើយ។ គួរបញ្ជាក់ឱ្យដឹងថា នេះជាលើកទីមួយដែលកំពូលតារាទឹកភ្នែក នី មុន្នីនាថ បង្ហាញអារម្មណ៍ពិតក្រោយពេលដែលលោក អ៊ឹង សូឡាង ជាអតីតគូដណ្ដឹងប្ដឹងទារសំណងរហូតដល់ ១២ ម៉ឺនដុល្លារ ក្រោយពេលបែកគ្នារួចមក ខណៈដែលកន្លងមកនាងព្យាយាមលាក់បាំងរឿងនេះ និងព្យាយាមបង្ហាញវត្តមានក្នុងវិស័យធម្មតាដូចជាគ្មានរឿងអ្វីសោះឡើយ៕​

ដោយ៖ ភូមិន្ទ