មាន សូនីតា មានបញ្ហារហូតប្រកាសស្វែងរកជំនួយពីមហាជន

តារាសម្ដែងនិងម៉ូឌែលជាប់ងារជារាជិនីក្រមា មាន សូនីតា បានប្រកាសស្វែងរកជំនួយពីមហាជននិងផ្នែកច្បាប់ ព្រោះតែមានគណនីផេកមួយចំនួនបានយករូបភាពរបស់កញ្ញាទៅបង្ហោះដោយភ្ជាប់ជាមួយខ្លឹមសារអាសអាភាសធ្វើឱ្យខូចកិត្តិយសរបស់នាង។

ក្នុងគណនីផេកនិងហ្វេសប៊ុក កញ្ញា មាន សូនីតា បានប្រកាសសុំជំនួយពីមហាជនឱ្យជួយ Report ផេកមួយចំនួនដែលធ្វើឱ្យប៉ះពាល់សេចក្ដីថ្លៃថ្នូររបស់នាងដោយមានខ្លឹមសារសង្ខេបថា៖ “មានទំព័រហ្វេសប៊ុកមួយចំនួន ដែលបានប្រើប្រាស់រូបភាពរបស់នាងខ្ញុំ ដោយពុំមានការអនុញ្ញាតពីនាងខ្ញុំ។ទំព័រហ្វេសប៊ុកមួយនេះ បានព្យាយាមយករូបថតរបស់នាងខ្ញុំជាច្រើន ភាគច្រើនជារូបភាពសិល្បៈបែបស៊ិចស៊ី ទៅបង្ហោះ ជាមួយខ្លឹមសារ ដែលគួរអោយខ្ពើមរអើម ប្រើប្រាស់ភាសាអាសអាភាស ភាសាកុហក ក្រឡៃការពិត ដើម្បីជាប្រយោជន៍លើកកម្ពស់ការស្អប់ ការឆបោក យាយី ដែលទាំងនេះ ពិតជា ជាថាមពលអាក្រក់ចំពោះសិល្បករដូចជារូបនាងខ្ញុំ។ អំពើនេះ ជាការបង្កាច់បង្ខូចកិត្តិយសនាងខ្ញុំអាក្រក់ណាស់ ដែលគ្រាន់ជាមនុស្សធម្មតាម្នាក់ ជាមនុស្សស្រី និងជាសិល្បករមួយរូប”។

ទន្ទឹមនឹងការប្រកាសឱ្យអ្នកគាំទ្រជួយ Report ផេកមួយចំនួននោះតួឯកស្រីរឿង “ផ្កាថ្ម” រូបនេះ​ក៏បានបង្ហាញដំរួយថានឹងរកជំនួយផ្នែកច្បាប់មកវែកមុខម្ចាស់ផេកដើម្បីស្ដារកិត្តិយសរបស់នាងត្រឡប់មកវិញផងដែរ៕

ដោយ៖ ភូមិន្ទ