នាវាឆ្មាំ​សមុទ្រ​ឥណ្ឌា ចូលចត​នៅ​កម្ពុជា

(ភ្នំពេញ)៖ នាវាឆ្មាំ​សមុទ្រ​ឥណ្ឌា​១គ្រឿង​មាន​ឈ្មោះ ICGS VIJT-31 នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០១៩ បាន​ចូលចត និង​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។
នាវានេះ​មាន​បណ្តោយ ៨០​ម៉ែត្រ ជម្រៅ​ទឹក ៤,៥០ម៉ែត្រ ជាប្រភេទ​នាវា​បំពាក់​ដោយ​ប្រពន្ធនាំផ្លូវ បច្ចេកវិទ្យា​ស្វ័យប្រវត្តិ និង​មានឧទ្ធម្ភាគចក្រ ០១គ្រឿង។ វាមាន​តួនាទី​ក្នុងការ​ឆែកឆេរ ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយរយ:​ចម្ងាយឆ្ងាយ​។ នាវានេះ ដឹកនាំ​ដោយលោក​មេបញ្ជាការ វរនាវី​ទោ T ASHISH និងមាន​នាវិក ៨០​នាក់ និង​នាយទាហាន ១៥​នាក់ សរុប ៩៥​នាក់ ។
នាវា​ខាងលើ បាន​ធ្វើការ​ចូលចត និង​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​ចំនួន ០៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៥-២៩ ខែ​មីនា ឆ្នាំ​២០១៩។ លោកវរនាវីទោ T ASHISH មេបញ្ជាការនាវា ថ្លែងអំណរ​គុណ​​ដល់​នាយ​នាវីកងទ័ព​ជើងទឹក​កម្ពុជា ដែលបាន​​ទទួល​ស្វាគមន៍​នូវដំណើរ​​ចូលចត​​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុងគោល​បំណង សិក្សា​ស្វែងយល់ និង​ផ្លាស់ប្តូរបទពិសោធន៍​រវាង​កងទ័ព​ជើងទឹក​នៃប្រទេស​ទាំងពីរ ពង្រឹង​ទំនាក់ទំនង សាមគ្គីភាព មិត្តភាព និ​ងកិច្ចសហប្រតិបត្តិការ​ហ្វឹកហ្វឺនរួមគ្នា ពិសេសពង្រឹង​ទំនាក់​ទំនងការទូត​ប្រទេស​ទាំងពីរ ក៏ដូចជា​ប្រជាជន នៃ​ប្រទេស​ទាំងពីរ៕