គួរឱ្យអាសូរ! តារាថៃ តាយ ម៉ាណាតណាន់ផាន់ឌី ទទួលមរណភាពទាំងវ័យក្មេង

ជារឿងមួយដ៏គួរឱ្យអាសូរជាទីបំផុតដែលតារាល្បីប្រចាំប្រទេសថៃគឺកញ្ញា តាយ  ម៉ាណាតណាន់ផាន់ឌី ដែលត្រូវបានប្រជាពលរដ្ឋស្គាល់ច្បាស់តាមរយៈការសម្ដែងរឿង “អ្នកប្រដាល់មិនដែលឈ្នះ” ទទួលមរណភាពត្រឹមវ័យ ៣៣ ប៉ុណ្ណោះដោយសារជំងឺ។

យោងតាមសារព័ត៌មានប្រចាំប្រទេសថៃបានឱ្យដឹងថា​តារាសម្ដែងស្រីរូបនេះ បានទទួលមរណភាពនៅថ្ងៃទី ២៣ កក្កដានេះ នៅផ្ទះមួយក្នុងស្រុកស៊ីរ៉ាចាខេត្តឈុនបូរី បន្ទាប់ពីបានទៅរស់នៅផ្ទះអ្នកជិតខាងអស់រយៈពេល ៣ថ្ងៃ។ ជាជំហានដំបូងតាមការរាយការណ៍ពីម្ចាស់ផ្ទះឈ្មោះ ចាន់ គង់គា អាយុ ៨១ បានឱ្យដឹងថា តាយ បានចូលមកក្នុងសហគមន៍វិញរយៈពេលបីថ្ងៃមកហើយ បន្ទាប់ពីដើរតែតោលអស់ពេលជាយូរ ហើយមកសុំម្ចាស់ផ្ទះរូបនេះស្នាក់អាស្រ័យ ហើយគាត់ក៏យល់ព្រម។ មន្រ្តីត្រួតពិនិត្យសាកសពបានរកឃើញថា តាយ ម៉ាណាតណាន មានជំងឺអាសន្នរោគ។ សាកសពត្រូវបានរក្សាទុកនៅមន្ទីរពេទ្យឡាមចាបាង ដើម្បីរង់ចាំសាច់ញាតិមកទទួលសពដើម្បីធ្វើបុណ្យតាមសាសនា។

គួរបញ្ជាក់ឱ្យដឹងថាអតីតតារាសម្តែងថៃ តាយ ធ្លាក់ខ្លួនពីតារាល្បីមួយរូបទៅជា អ្នកប្រើគ្រឿងញៀន រហូតមានបញ្ហាសតិអារម្មណ៍ ហើយធ្លាក់ខ្លួនជាចោរ រួចដើរសុំទាន។ កន្លងមកក៏មានតារាល្បីៗនិងផលិតករជាច្រើនរូបជួយស្រោចស្រង់នាងផងដែរ ប៉ុន្តែនៅតែជួយមិនបានដោយសារឥទ្ធិពលគ្រឿងញៀនខ្លាំងពេកនិងមានជម្ងឺប្រចាំកាយផង៕

ដោយ៖ ភូមិន្ទ