ជីវប្រវត្តិសង្ខេបរបស់ តាយ  ពីតារាល្បីរហូតក្លាយជាអ្នកសុំទាន

ជារឿងមួយដ៏គួរឱ្យអាសូរជាទីបំផុតដែលអតីតតារាល្បីប្រចាំប្រទេសថៃគឺកញ្ញា តាយ  ដែលត្រូវបានប្រជាពលរដ្ឋខ្មែរស្គាល់ច្បាស់តាមរយៈការសម្ដែងរឿង “អ្នកប្រដាល់មិនដែលឈ្នះ” ទទួលមរណភាពត្រឹមវ័យ ៣៣ ប៉ុណ្ណោះដោយសារជំងឺ។

ក្រោយពីសារព័ត៌មានប្រចាំប្រទេសថៃចុះផ្សាយព្រោងព្រាតពីមរណភាពរបស់អតីតតារារូបនេះ ខណៈនេះ sky brother media នឹងដកស្រង់ប្រវត្តិសង្ខេបត្រួសៗរបស់តារារូបនេះមកបង្ហាញជូន៖

  • តាយ មានឈ្មោះផ្លូវការហៅថា តាយ ម៉ាណាតណាន់ផាន់ឌី មានទីកន្លែងកំណើតក្នុងខេត្ត ឈុនបូរី ប្រទេសថៃ។
  • នាងបានទទួលការសិក្សាអប់រំ រួមទាំងបានទទួលវិញ្ញាបនបត្រវិជ្ជាជីវៈផ្សេងៗ។
  • គ្រានៅជាសិស្ស តាយ ត្រូវបានគេផ្ដល់ងារជាផ្កាយ ពោលគឺជាស្រីស្អាតប្រចាំសាលា និងក្រោយមកក៏មានឱកាសប្រឡូកក្នុងឧស្សាហកម្មផ្នែកកម្សាន្ត រហូតក្លាយជាតារាវ័យជំទង់ម្នាក់ដ៏មានប្រជាប្រិយភាពបំផុតប្រចាំប្រទេសក្នុងវិស័យបង្ហាញម៉ូដ និងខ្សែភាពយន្ដ។
  • គ្រាដែលជីវិតកំពុងតែត្រចះត្រចង់ក្នុងវិស័យសិល្បៈ នាងក៏ត្រូវបាមិត្តភក្ដិអូសទាញចូលក្នុងសង្គមងងឹត រហូតដល់ក្លាយជាអ្នកប្រើប្រាស់គ្រឿងញៀន និងបាត់បង់ម្ចាស់ការរហូតក្លាយជាចោរឆក់កាបូបនារីម្នាក់នៅក្នុងផ្សារកាលពីឆ្នាំ ២០១៦ ។
  • ក្នុងឆ្នាំ ២០១៦ ដដែលនាងក៏ទទួលរងបណ្ដឹងមួយទៀតពីរឿងលួចទូរសព្ទដៃ។
  • មួយរយៈក្រោយមកគេបានឃើញតារារូបនេះក្លាយជាជនអនាថា ដេកតាមផ្លូវ នៅតាមគំនរសម្រាមក្នុងជីវិតដុនដាបជាទីបំផុត។

តាមប្រភពសារព័ត៌មានថៃបានឱ្យដឹងថា កន្លងមកក៏មានតារាល្បីៗនិងផលិតករជាច្រើនរូបជួយស្រោចស្រង់នាងផងដែរ ប៉ុន្តែនៅតែជួយមិនបានដោយសារឥទ្ធិពលគ្រឿងញៀនខ្លាំងពេកនិងមានជម្ងឺប្រចាំកាយផង ទើបចុងក្រោយគេប្រទះឃើញនាងស្លាប់កាលពីថ្ងៃទី ២៣ កក្កដា នេះ ក្នុងផ្ទះអ្នកស្រុកមួយកន្លែងដែលនាងបានសុំគេស្នាក់នៅ។ តាមការសន្និដ្ឋានពីប៉ូលិសបានឱ្យដឹងថា នាងស្លាប់ដោយសារជំងឺ៕

ដោយ៖ ភូមិន្ទ